ស្ត្រីម្នាក់ត្រូវរថយន្តបុកស្លាប់នៅប៉ោយប៉ែត ដឹកសពយកមកទម្លាក់ចោលនៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​ស្ត្រីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបានបុកស្លាប់ ក្នុងភូមិ  សាស្ត្រក្រុងប៉ោយប៉ែត តែដឹកសពយកមកប្លុងចោលនៅភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង០៩និង៥៨នាទីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចខាងកើតវិទ្យាល័យនិមិត្តថ្មីប្រហែល​​៥០ម៉ែត្រ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរថយន្តបុកអ្នកថ្មើរជើងដើរឆ្លងផ្លូវ ។
ប្រភពបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញជនរងគ្រោះនិងរថយន្តនោះឡើយ ឃើញមានតែកាបូបនិងស្បែកជើងជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ ។បើតាមសំដីសាក្សី នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ដំបូងគាត់បានលឺសំលេងនៅមុខផ្ទះរបស់គាត់ ពេលចេញមកឃើញមានមនុស្សដួលនៅលើទ្រូងផ្លូវហើយគាត់បានរត់សំដៅទៅហៅកម្លាំងកងរាជអាវុធហត្ថ ដែលនៅយាមមុខសាលានិមិត្តថ្មី លុះប្រហែល១០នាទីក្រោយមកគាត់ត្រឡប់មកវិញស្រាប់តែបាត់សាកសពនោះ ។
នគរបាលបានបញ្ជាក់ថា៖ក្រោយពីធ្វើការស្រាវជ្រាវរបស់នគរបាលចរាចរណ៏ក្រុងប៉ោយប៉ែត បានទទួលពត៏មានពី នគរបាលចរាចរណ៍ស្រុកអូរជ្រៅថាមានសាកសពស្ត្រីម្នាក់ស្លាប់ ត្រូវបានគេយកទៅទុកចោលនៅខាងត្បូងផ្លូវជាតិលេខ៥ មុខសាលាស្រុកអូរជ្រៅ។ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឌុល    គន្ធា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (ធ្លាយពោះវៀន)។សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ក្នុងករណីនេះកម្លាំងជំនាញចរាចរណ៍កំពុងស្រាវជ្រាវរករថយន្តបង្កដែលរត់គេចខ្លួនមកចាត់ការតាមផ្លូវច្បាប់ហើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print