ព័ត៌មានស្តីពីការផ្ទុះឃ្លាំងគ្រាប់របស់ក្រសួងការពារជាតិកាហ្សា ស្ថាន ស្ថិតនៅទីក្រុង Taraz ក្នុងតំបន់ Jambyl ។ នៅថ្ងៃទី២៧ ខែសីហា មន្ត្រីក្រសួងការពារជាតិ កាហ្សាស្ថានបានប្រកាសថា ការផ្ទុះនោះបណ្តាលឲ្យទាហាន៤នាក់ស្លាប់ និង៦៦នាក់រងរបួស។ រដ្ឋមន្ត្រីការពារជាតិ កាហ្សាស្ថាន លោកNurlan Yermekba បានឱ្យដឹងថា ទាហានដែលស្លាប់គឺក្នុងពេលដែលពួកគេព្យាយាមទប់ស្កាត់ស្ថានភាព ហើយមកដល់ពេលនេះនៅមានមនុស្សជាច្រើនបាត់ខ្លួន។ នៅក្នុងហេតុការណ៍ខាងលើមិនមានពលរដ្ឋស្លាប់ឬរបួសនៅក្នុងការផ្ទុះនោះឡើយ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិកាហ្សាស្ថាន គឺដោយសារតែមានករណីឆាបឆេះទើបបណ្តាលឲ្យផ្ទុះនៅក្នុងឃ្លាំងគ្រាប់នោះ ។ ក្រុមពន្លត់អគ្គិភ័យបានខិតខំទប់ស្កាត់ស្ថានភាព ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលដែលបណ្តាលឱ្យផ្ទុះឆេះខាងលើ។ តាមការប្រកាសរបស់ក្រសួងការពារជាតិ ពលរដ្ឋរស់នៅក្នុងភូមិចំនួន៤ជិតឃ្លាំងគ្រាប់ដែលផ្ទុះឆេះនោះត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ចំណែកផ្លូវរថភ្លើងនិងផ្លូវថ្នល់ក៏ត្រូវបានបិទផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ តាមការសន្និដ្ឋានរបស់ក្រសួងការពារជាតិកាហ្សាស្ថាន ការផ្ទុះកើតឡើងដោយសារតែការឆាបឆេះនៅទីតាំងផ្ទុកគ្រាប់រំសេវ TNT ៕ដោយ៖ធីរីណា
រូបថត៖ AFP/VNA.