ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនបងប្អូនកម្មករ កម្មការរិនីកំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.) ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបជូនថា សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ធ្វើសកម្មភាពអាជីវកម្មចម្បង សេវាបោកគក់សម្លៀកបំពាក់ អាសយដ្ឋានស្ថិតនៅ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ឈ្មោះ XU LANPING ភេទស្រី សញ្ជាតិ ចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ ជូនកម្មករនិយោជិតទាំង៣១១នាក់ ឡើយ។
ជាលទ្ធផល ឆ្លងតាមការប្រជុំពិភាក្សា សម្របសម្រួល ជាមួយលោក LU ZIJIAN សញ្ជាតិចិន ដែលជាអ្នកជួលទីតាំងឃ្លាំងដំបូងពីម្ចាស់ដី និងឃ្លាំងបានយល់ព្រមប្រគល់ប្រាក់ដុល្លារចំនួន ៣៩,៦០០ $ (សាមសិបប្រាំបួនពាន់ប្រាំមួយរយពាន់ដុល្លារអាមេរិកគត់) និងប្រាក់រៀលចំនួន ១៣,៧០០,០០០ (ដប់បីលានប្រាំពីររយពាន់) រៀល ដើម្បីបើកផ្ដល់ជូនទៅដល់កម្មករនិយោជិតចំនួន៣១១នាក់ ដើម្បីបញ្ចប់វិវាទ និងឈានទៅដល់ការបើកដំណើរអាជីវកម្មឡើងវិញ។
ជាជំហរដ៏ប្រសើររបស់លោក LU ZIJIAN បានអះអាងថានឹងបើកដំណើរការសហគ្រាសខាងលើនេះឡើងវិញ ដើម្បីផ្ដល់ការងារដល់កម្មករនិយោជិតចំនួន៣១១នាក់ ដែលបានបម្រើការងារកន្លងមកនៅក្នុងសហគ្រាសនេះជាបន្តទៀត។
ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ សូមអំពាវនាវដល់បងប្អូន ក្មួយៗ កម្មករ កម្មការរិនីទាំងអស់សូមចូលរួមគោរពអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣.ការពារ និង ៣.កុំ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលដែលក្រុមការងារសុខាភិបាលខេត្ត បានរៀបចំនៅជិតបំផុត។
ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភបងប្អូន ក្មួយៗ កម្មករ កម្មការិនីទាំង៣១១នាក់ ដោយក្នុងម្នាក់ទទួលបានថវិការចំនួន៣០,០០០រៀល (សាមសិបពាន់រៀល) និងសារុងចំនួន០១ផងដែរ៕
ដោយ៖សហការី