ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើងលេខ៥២ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ កងពល សហការជាមួយ កម្លាំងនគរបាល អាជ្ញាធរដែនដី និងយុវជន ដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅមណ្ឌលវត្តគីរីរម្យសន្ដិភាព (ហៅវត្តអូរចោត) ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នាឱកាសនោះ លោក ងួន រតនៈ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥២ ចំណុះយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី១ ដែលប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកអភិបាលខេត្ត បានបន្ដទៀតថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការគិតគូរខ្ពស់ដល់សុខទុក្ខ នឹងសុខមាលភាព ប្រជាពលរដ្ឋពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ងួន រតនៈ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ នេះរួច ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឱកាសនេះដែរ គណៈអភិបាលខេត្តបាត់ដំបង បាននាំយកនូវអំណោយរួមមានគ្រឿងឧបភោគ បរិភោគ ម៉ាស់ និងអាល់កុល ផ្ដល់ជូនក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើងលេខ៥២ផងដែរ៕
ដោយ៖សហការី