ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋទៅនេសាទត្រីក្នុងបឹងរនាមឈ្លីក ប្រទះឃើញសាកសពអណ្ដែតទឹកហើមស្អុយ សង្ស័យស្លាប់ដោយសារផឹកសា្រស្រវឹងចូលដេកត្រាំទឹក ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងរនាមឈ្លីក ស្ថិតក្នុងភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ រឿម ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពបន្តថា តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ១គ្រឿង ចាកចេញពីផ្ទះតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ មកម្លេះ ស្រាប់តែនៅថ្ងៃកើតហេតុទទួលបានពត៌មានថា ប្រទះឃើញសាកសពអណ្ដែតទឹកបឹង ទើបមានការផ្អើលឆោឡោតែម្ដង ប៉ុន្ដែម៉ូតូជនរងគ្រោះពុំបានបាត់នោះទេ ដោយយកទៅផ្ញើរនៅផ្ទះម្ដាយមីងឈ្មោះ នែន ។
ប្រភពដដែលបន្តទៀតថា ក្រោយទទួលបានពត៌មាន សមត្ថកិច្ចបានចុះទៅដល់ស្រាវជ្រាវឃើញថា មុនប្រទះឃើញសាកសព គេឃើញបុរសរងគ្រោះស្រវឹងជោគជាំ ហើយបានទៅសុំទឹកអ្នកភូមិផឹក រួចដេកអោបពាងទឹកគ្មានខោអាវ ខណៈនោះក៏មានអ្នកឲ្យខោអាវស្លៀកឡើងវិញ គ្រានោះក៏ដើរចេញទៅបាត់ ។
ក្រោយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ឃើញថា មិនមានការពាក់ព័ន្ធនឹងឃាតកម្មអ្វីទេ ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ៖ ប៉ឹម ពិន