ចំណោះដឹងទូទៅ៖ លោកអ្នកខ្លះប្រហែលជាមិនដឹងថារុក្ខជាតិចំនួន ៤ប្រភេទសម្រាប់ដាំក្នុងផ្ទះនាំមកហុងស៊ុយនៅក្នុងផ្ទះ នឹងជួយហៅលុយចូល និងសម្អាតខ្យល់ល្អដល់សុខភាព តោះចង់ដឹងអត់! សូមអានព័ត៌មានលម្អិតនៅខាងក្រោមនេះ៖
ការដាំរុក្ខជាតិ ឬដើមឈើក្នុងផ្ទះអាចផ្ដល់ផលល្អជាច្រើនដល់ម្ចាស់ផ្ទះ ព្រោះវាអាចបានភាពស្រស់ស្អាតសម្រាប់តាំងលម្អ និងអាចកម្ចាត់ជាតិពុលពីក្នុងខ្យល់ ធ្វើឱ្យខ្យល់អាកាសក្នុងផ្ទះល្អបរិសុទ្ធបានទៀតផង។ បន្ថែមពីនេះ ក៏មានជំនឿផងដែរថាការដាំលម្អរុក្ខជាតិដែលត្រឹមត្រូវតាមហុងស៊ុយ អាចជួយឱ្យម្ចាស់ផ្ទះ និងសមាជិកគ្រួសារជួបតែរឿងល្អៗ លុយកាក់ហូរចូលគ្មានឈប់ដូចរុក្ខជាតិទាំង៤យ៉ាងនេះដូច្នោះដែរ។
ទី១. ប្រទាលកាស្ដេចនាគ ឬ Peace Lily៖ ប្រភេទផ្កាប្រទាលនេះគឺជារុក្ខជាតិដ៏ពេញនិយមមួយជាមួយផ្កាពណ៌ស ស្លឹកធំៗ។ វាអាចជួយលម្អក្នុងបន្ទប់ទទួលភ្ញៀវ ឬដាក់នៅក្បែរគ្រែក្នុងបន្ទប់គេងក៏បាន។ ការដាំផ្កាប្រភេទនេះក្នុងផ្ទះត្រូវបានគេជឿថាជួយធ្វើឱ្យម្ចាស់ផ្ទះមានអាយុវែង នាំមកនូវសំណាងល្អ និងភាពរុងរឿង។ ប៉ុន្តែសម្រាប់អ្នកដែលចាញ់ក្លិន ឬមានប្រតិកម្មជាមួយលម្អងផ្កា គួរជៀសវាងដាំប្រទាលប្រភេទនេះក្នុងផ្ទះ។
ទី២. ប្រទាលពស់ ឬប្រទាលអណ្ដាតនាគ៖ ប្រទាលនេះត្រូវបានគេជឿអាចកម្ចាត់រឿងអាក្រក់ដែលនៅជុំវិញផ្ទះបាន។ ប្រទាលអណ្ដាតនាគនេះក៏អាចតាំងជារុក្ខជាតិលម្អបានយ៉ាងស្រស់ស្អាត។ វាងាយស្រួលក្នុងការថែទាំ មិនចាំបាច់ត្រូវការទឹកច្រើន ឬកម្ដៅថ្ងៃខ្លាំងឡើយ។
ប្រទាលពស់ ឬអណ្ដាតនាគអាចបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតនៅពេលថ្ងៃ ហើយបញ្ចេញឧស្ម័នអុកស៊ីហ្សែននៅពេលយប់។ ហេតុនេះហើយទើបវាត្រូវបានគេពេញនិយមយកមកដាំក្នុងបន្ទប់គេង ព្រោះវាជួយធ្វើឱ្យដំណេកម្ចាស់ផ្ទះគេងលក់កាន់តែស្កប់ស្កល់ និងអាចក្រោកពីដំណេកនៅពេលព្រឹកមានកម្លាំងធ្វើការ។
ទី៣. ប្រទាលកន្ទុយក្រពើ៖ រុក្ខឱសថមួយប្រភេទនេះត្រូវបានគេស្គាល់ស្ទើរតែគ្រប់គ្នាអំពីគុណប្រយោជន៍របស់វាចំពោះសុខភាព។ វាអាចជួយផ្សះមុខរបួស ធ្វើឱ្យរបួសឆាប់ជាសះស្បើយ ព្យាបាលអាការៈរលាក និងកាត់បន្ថយការហើម។
មិនតែប៉ុណ្ណោះ វាក៏ជួយបឺតស្រូបសារធាតុ Formaldehyde ដែលជាឧស្ម័នគ្មានជាតិពណ៌ និងមានក្លិនខ្លាំងអាចប៉ះពាល់សុខភាពដែលបណ្ដាលឱ្យស្បែកទៅជារមាស់ រោល។ ក្រៅពីនេះដែរ ការដាំប្រទាលកន្ទុយក្រពើរហូតដល់ចេញផ្កានឹងជួយនាំសំណាងល្អ និងលុយកាក់ហូរចូលផ្ទះឥតឈប់ឈរ។
និងទី៤.
ម្លូតាំង ឬម្លូមាសម្លូប្រាក់៖ ម្លូមាសម្លូប្រាក់នេះក៏ជារុក្ខជាតិតាំងលម្អក្នុងផ្ទះដ៏ពេញនិយមមួយដែរ។ វាងាយស្រួលក្នុងការថែទាំ អ្នកអាចដាំវាក្នុងផើងក៏បាន ឬដាក់ក្នុងថូមានទឹកក៏បាន។ អ្នកអាចដាក់តាំងប្រទាលនេះនៅតុធ្វើការដើម្បីជួយបន្ថែមសំណើម និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។
គួរបញ្ជាក់ថា រុក្ខជាតិទាំង៤នេះ វាក៏ត្រូវបានគេជឿថាអាចជួយនាំធាតុត្រជាក់ចូលដល់ក្នុងផ្ទះ និងធ្វើឱ្យអារម្មណ៍សមាជិកគ្រួសារសប្បាយចិត្ត។ មិនតែប៉ុណ្ណោះ ម្លូមាសម្លូប្រាក់នេះក៏អាចជួយបឺតស្រូបជាតិពុលពីក្នុងបរិយាកាសដូចជាអាម៉ូញ៉ាក់ជាដើម។ វាក៏អាចជួយកាត់បន្ថយកម្រិតកាបូនម៉ូណូអុកស៊ីតដែលមានក្នុងខ្យល់ផងដែរ៕
ដោយ៖សហការី