ភ្នំពេញ : សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការ ឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់ ដោយចោទប្រកាន់ថាបានថតរូបឡាយរូបភាពលំនៅដ្ឋានបំពានលើសិទ្ធបុគ្គល(ផ្ទះស្ត្រីបកប្រែភាសាចិន) នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀលម្សិលមុិញ ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, អ្នកសារព័ត៌មានដែលនគរបាលឃាត់ខ្លួនរួមមាន :
១-ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មាន (កម្ពុជាតេជោសន្តិភាព) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មាន(អាស៊ានTV) ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន) ។
ជនទាំងពីរនេះដែលជាអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើសកម្មភាពថត Live វីដេអូ ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាសិន ស្នាក់នៅផ្ទះជួល១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយបំពានសិទ្ធិបុគ្គល ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយអនុវត្តតាមនិតិវិធីច្បាប់។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គន”អោយដឹងថា, សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ពិតជាបានធ្វើការ ឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់មែន ខណៈពួកគាត់ធ្វើសកម្មភាព Live ទៅលើផ្ទះអ្នកដទៃ ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល បង្កអោយអ្នកជិតខាងជ្រួលច្របល់ ហាក់ដូចជាមានបំណងអ្វីមួយមកផ្តិតយករូបភាព ដោយគ្មានការអនុញ្ញាតពីម្ចាស់ទីតាំង ។ ពួកគាត់ធ្វើខុសពីអ្នកសារព័ត៌មានដទៃ ដែលភាគច្រើនគេមានវិជ្ជាជីវៈ ការផ្សព្វផ្សាយមានក្រមសីលធម៌ ហើយបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរ ពិសេសផ្សាយតែព័ត៌មានពិត ពីហេតុការណ៍ ផ្សេងៗ ឈានដល់សមត្ថកិច្ច និងអាជ្ញាធរ ទទួលបានដំណឹងទាំងនោះ ចុះមកជួយអន្តរាគមន៍ ដោះស្រាយ ជួយសង្គមទៀតផង។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបន្តថា, បើជនសង្ស័យជាអ្នកសារព័ត៌មានខាងលើ ត្រូវឃាត់ខ្លួននេះ ពួកគាត់បានធ្វើសកម្មភាព Live ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល មិនសមជាអ្នកកាសែត មានវិជ្ជាជីវៈ ក្រមសីលធម៌សោះ។ លោកបន្តថា, អាចរសៀលថ្ងៃនេះ ឬព្រឹកសមត្ថកិច្ចត្រូវបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី៕
ដោយ, សិលា