ភ្នំពេញ, នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ពី លក្ខខណ្ឌចាំបាច់ក្នុងការស្នើសុំការអនុញ្ញតផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ !
១. មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និង មន្ទីរ-សម្រាកព្យាបាល)។
២. ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល (ឧបសម្ព័ន្ធ១)។ ក្រុមគ្រូពេទ្យ ទាំងនេះ ត្រូវបានចាត់ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩។
៣. ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ ១៩ ឬសេវាសាធារណៈ ដែលមានព្យាបាលកូវីដ-១៩។
៤-ការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន៖ ចៅសង្កាត់ ឬរមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ និងត្រូវគោរពតាម៖
– នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។
ដាក់លិខិតស្នើសុំការអនុញ្ញាតមកក្រសួងសុខាភិបាល (ឧបសម្ព័ន្ធ២) និងត្រូវភ្ជាប់នូវឯកសារ ដូច កិច្ចសន្យាធានាអះអាង (ឧបសម្ព័ន្ធ៣)
-លិខិតព្រមព្រៀងផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ (ឧបសម្ព័ន្ធ៤)
– គំនូសបំព្រួញទីតាំង (ឧបសម្ព័ន្ធ៥)
– រចនាសម្ព័ន្ធក្រុមគ្រូពេទ្យទទួលខុសត្រូវថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ (ឧបសម្ព័ន្ធ៦)
– បញ្ជីរាយនាមបុគ្គលិកថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ (ឧបសម្ព័ន្ធ៧) ៕
ដោយ, សុខ ខេមរា