ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគបានដឹកនាំកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ សហការជាមួយអាជ្ញាធរសង្កាត់ផ្សារដើមគចុះបិទខ្ទប់ផ្ទះល្វែងប្រកបរបរលក់ដូរនៅតាមបណ្ដោយផ្លូវលេខ៣៣៦ ចំនួន១០ល្វែងដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺវិជ្ជមានកូវីដ-១៩ និងផ្ទះលេខ២៩Dគឺតម្រូវឱ្យរង់ចាំយកសំណាកជាលើកទី២ សិនទើបអាចវាយតម្លៃថាបើកលក់វិញបានឬមិនបាន និងបានដកបារាសបើកផ្លូវលេខ៣៣៦ដើម្បីឱ្យបងប្អូនអាជីវករដែលយកសំណាកហើយនៅតាមបណ្ដោយផ្លូវនេះឱ្យលក់ដូរជាធម្មតាវិញទៅតាមការរៀបចំរបស់អាជ្ញាធរសង្កាត់ក៏ដូចជាគណៈកម្មការគ្រប់គ្រងផ្សារដើមគ ទៅតាមការកំណត់ឱ្យលក់ដូរក្នុងខ្សែសុវត្ថិភាព រក្សាគម្លាតដើម្បីការពារការរីករាលដាលនូវជំងឺកូវីដ-១៩ ។
ក្នុងករណីដែលបងប្អូនអាជីវករណារឹងទទឹង និងមិនព្រមចូលរួមនោះគណៈកម្មការផ្សារនឹងមានវិធានយ៉ាងតឹងរឹុងបំផុត គឺមានការបិទតូបឬស្តង់ដែលបងប្អូនអាជីវករប្រកបរបរនោះមិនឱ្យលក់ដូរជាដាច់ខាត ។
ជាចុងក្រោយអាជ្ញាធរសង្ឃឹមថា ពេលបើកផ្លូវលេខ៣៣៦វិញហើយ បងប្អូនអាជីវករនឹងចូលរួមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរដើម្បីចូលរួម បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺដ៏សាហាវនេះទាំងអស់គ្នា។
បន្ទាប់ពីមានអ្នកឆ្លងកូវីដបានចូលទៅក្នុងទីតាំងខាងលើនេះ អាជ្ញាធរក៏ដូចជាជំនាញបានបិទខ្ទប់ហើយយកសំណាកលើបងប្អូនប្រជាពលរដ្ឋម្តងរួចមកហើយតែបងប្អូនមួយចំនួនទៀតនិឹងធ្វើតេស្តជាលើកទី២ទើបអាចប្រកបរបរលក់ដូរបានហើយអ្នកទាំងអស់គ្នាត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៣កុំ៣ការពារជានិច្ច។
សូមបញ្ជាក់ថា គណៈកម្មការផ្សារដើមគនិងអាជ្ញាធរបានចុះអនុវត្តកិច្ចការនេះចាប់ពីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ម្សិលមិញ៕
ដោយ៖ អរុណរះ