អូស្ត្រាលីបានខ្ចីវ៉ាក់សាំងចំនួន ៥សែនដូសពីប្រទេសសិង្ហបុរី ប្រភេទ Pfizer ដែលជិតផុតកំណត់ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានទាន់ពេល ខណៈដែលប្រទេសនេះកំពុងឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់។ មេដឹកនាំប្រទេសទាំងពីរបានឱ្យដឹងថា អូស្ត្រាលីនឹងទទួលបានវ៉ាក់សាំង ចំនួន៥សែនដូសរបស់ក្រុមហ៊ុន Pfizer ពីប្រទេសសិង្ហបុរី ។ ក្រោយមកសិង្ហបុរីនឹងទទួលបានវ៉ាក់សាំងដូចចំនួនខាងលើនៅចុងឆ្នាំ២០២១នេះ ។ សារព័ត៌មាន ABC បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលបានបញ្ជាក់ថា «តាមកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងគឺជួយដល់ប្រទេសអូស្ត្រាលីបង្កើនល្បឿនចាក់វ៉ាក់សាំង ដល់ក្រុមមនុស្សមានអាយុពី១៦-២៩ឆ្នាំ និងក្រុមមនុស្សមានអាយុពី១២-១៥ឆ្នាំ»។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣១ខែសីហា នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុងបានលើកឡើងថា លោកពិតជារីករាយយ៉ាងខ្លាំងដែលអាចជួយដល់ពលរដ្ឋអូស្រ្តាលីទទួលបានការចាក់វ៉ាក់សាំងឆាប់បំផុត ។ សិង្ហបុរីគឺជាប្រទេសនៅតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ៨០% ។ចំណែកប្រទេសអូស្ត្រាលីវិញ ទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ២៨%ប៉ុណ្ណោះ។ ដូច្នេះហើយទើបបណ្តាលឱ្យមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ទាំងនោះហើយបានជាតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលីត្រូវបិទខ្ទប់ដើម្បីបញ្ចៀសការឆ្លង ។ មកទល់ពេលនេះអូស្ត្រាលីរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ ៥៤ពាន់នាក់ និងស្លាប់១០០៦នាក់៕ដោយ៖ធីរីណា
កន្លែងចាក់វ៉ាក់សាំងនៅរដ្ឋ New South Wales ។ ប្រភព៖Reuters.
អូស្រ្តាលីនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០០.០០០ ដូសពីសិង្ហបុរីនៅសប្តាហ៍នេះ។ រូបថត៖Reuters.