កូវីដ-១៩ ក៏មិនអាចរារាំងពិធីរៀបការរួមគ្នាដល់ទៅ២០០គូក្នុងពេលតែមួយ នៅរដ្ឋធានី Lima ប្រទេសប៉េរូ នាថ្ងៃទី២៨ខែសីហា។
នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ទាំង២០០គូនោះ អភិបាលក្រុង Lima លោក Jorge Munoz គឺជាអ្នករៀបចំកម្មវិធីរៀបការនោះឡើង។ គូស្នេហ៍ទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង ។
ពិធីរៀបការត្រូវបានផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុករបស់ទីក្រុង Lima ដើម្បីឲ្យសាច់ញាតិ មិត្តភក្តិដែលមិនបានចូលរួមបានទស្សនាផ្ទាល់។
លោក Diego Marin កូនកំលោះមួយរូបក្នុងចំណោមកូនកំលោះទាំងអស់បានឱ្យដឹងថា «ពិធីរៀបការធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដោយពិធីរៀបការគឺពិតជាមានសារៈសំខាន់បំផុតក្នុងឆាកជីវិតខ្ញុំ ហើយអ្វីដែលពិសេសនោះគឺក្នុងរដូវកាលកូវីដ-១៩ តែម្តង។ ខ្ញុំវិះនឹងស្លាប់ដោយកូវីដ -១៩ ហើយខ្ញុំបានសម្រេចរៀបការរួមរស់ជាមួយគ្នាអស់មួយជីវិតជាមួយកូនក្រមុំជាទីស្រឡាញ់របស់ខ្ញុំ»។
ក្រោយពិធីរៀបការ ប្តីប្រពន្ធថ្មីទទួលបានកាដូជាកន្ត្រកផ្លែឈើ ពីមន្ត្រីក្នុងតំបន់ និងលិខិតអាពាហ៍ពិពាហ៍ ព្រមទាំងថតរូបនៅក្នុងសួនរៀបចំពិធី៕ដោយ៖ធីរីណា
រូបភាព៖vov.vn