ខេត្តបន្ទាយមានជ័យ: បើយោងតាម អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់អោយដឹងថា,នៅ ថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានធ្វើអោយជន់លិចកន្លែងស្នាក់នៅរបស់កម្លាំង កងពលតូចថ្មើរជើងលេខ៥១ ដែលប្រចាំការ នៅតាមខែ្សបន្ទាត់ព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងព្រឹកមុិញថា, លោកបានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារ មធ្យោបាយ ជួយសង្រ្គោះ សម្រាប់គ្រោះទឹកជំនន់ របស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូច ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដេីម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឫគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។ នេះសបញ្ជាក់ថា, កងទ័ពកើតចេញពីប្រជាពលរដ្ឋ ដូច្នេះកងទ័ព ត្រូវតែជួយប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។
ក្រសួងធនធាន និងឧតុនិយម កាលពីម្សិលមុិញ បានអោយដឹងថា នៅខេត្តកំពង់ស្ពឺ ដោយមានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបរិមាណ ១១០,០ មម បានបណ្តាលឲ្យទឹកហូរកាត់ពីលើកំណត់ផ្លូវជាតិលេខ ៤ ស្ថិតនៅផ្នែកខាងមុខបុរីសុវណ្ណ សង្កាត់សុព័រទេព ក្រុងច្បារមន មូលហេតុប្រព័ន្ធរំដោះទឹកមិនធានាក្នុងការរំដោះទឹកបាន (បិទមុខទឹក) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កំពុងមានភ្លៀងធ្លាក់នៅគ្រប់ស្រុក-ក្រុង ខេត្តព្រះវិហារ និងខេត្តកោះកុងផងដែរ៕
ដោយ, សិលា