ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងជុំវិញគណនីហ្វេសប៊ុកមួយបានទម្លាយអំពីរឿងរ៉ាវដែលតារាសម្តែង សឿ សុធារ៉ា ដែលជាមេតុងទីននៅខ្វះខាតប្រាក់កូនតុងទីនមួយចំនួនមិនទាន់បានទូទាត់។ គណនីហ្វេសប៊ុកឈ្មោះAza Be Strong ដែលបានបង្ហោះសារកាលពីកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមិញនោះមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់នោះទេ ប៉ុន្តែនាងលើកឡើងថាទាក់ទងទៅកាន់អ្នកនាង សឿ សុធារ៉ាមិនបានទើបសម្រេចចិត្តបង្ហោះដើម្បីឲ្យនាងដោះស្រាយជូន រហូតមានសារចាក់ដោតមួយចំនួនធ្វើឲ្យគេចាប់អារម្មណ៍ និងអ្នកខ្លះសម្តែងអារម្មណ៍មិនជឿលើស្ថានការណ៍បែបនេះព្រោះតែកន្លងមកអ្នកនាង សឿ សុធារ៉ា មិនដែលជួបរឿងបែបនេះឡើយ ពិសេសរឿងប្រាក់កាក់នេះតែម្តង។
ករណីនៃការលេងតុងទីន ជាក្រុមបែបប្រមូលលុយបានការប្រាក់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ឬប្រចាំខែនេះ ក៏ធ្លាប់លេចចេញរឿងរ៉ាវចម្រូងចម្រាសជាច្រើន រហូតមានអ្នកខ្លះប្រមូលប្រាក់បានហើយគេចវេសមិនបង់តាមកាលកំណត់រហូតលេចការប្តឹងផ្តល់គ្នាឡើងតុលាការផងដែរព្រោះតែករណីខ្លះជាប់ពាក់ព័ន្ធប្រាក់ជាច្រើនសន្ធឹកសន្ធាប់រហូតរាប់សែនដុល្លារអាមេរិកក៏មាន។ ទោះជាយ៉ាងណានេះគឺជាករណីនៃការបរិហាកេរ្តិ៍ជាសាធារណៈ ហើយករណីយឺតយ៉ាវនេះគឺក្រោយពីកូនតុងទីនពិសេសមានទាំងក្រុមតារាសម្តែង តារាកំប្លែងមួយចំនួនក៏បានលេងជាមួយហើយខកខានក្នុងការបង់ផងដែរទើបរឿងនេះបានបន្តកន្ទុយគ្នានោះ។ អ្នកដែលបានស្គាល់តារាសម្តែងស្រីរូបនេះទម្លាយថា រឿងតុងទីននោះ អ្នកនាង សឿ សុធារ៉ា ពិតជាធ្វើមេតុងទីនជាច្រើនខ្សែមែន មានទាំងក្បាល២០ដុល្លារ និង១០០ដុល្លារ ក្នុងនោះមានទាំងអាជីវករ និងសិល្បករ លេងជាហើយកន្លងទៅមិនធ្លាប់មានបញ្ហាទេ ប៉ុន្តែស្ថិតក្នុងបរិបទកូវីដ១៩ ករណីបង់លុយពីកូនក្រុមមួយចំនួនមានសភាពយឺតយ៉ាវ ពិសេសអ្នកដែលបានដេញយកលុយរួចហើយ នោះ ទើបធ្វើឲ្យបញ្ហានេះកាន់តែរីករាលដាលដល់កូនតុងទីនដទៃ។ ប្រភពថា ក្នុងនោះក៏មានសិល្បករខ្លះលេងតុងទីនជាច្រើនក្បាល ដេញងាប់ហើយបែជាបង់យឺតយ៉ាវ ហើយតារាៗខ្លះត្រូវបង់ប្រចាំថ្ងៃរាប់រយដុល្លារក៏មានប៉ុន្តែមិនបានប្រគល់លុយតាមកាលកំណត់នោះ។ ទោះជាយ៉ាងណា ករណីនៃការបង្ហោះសារខាងលើនោះ ច្បាស់ណាស់អាចនឹងប៉ះពាល់ដល់កិត្តិយសរបស់តារាសម្តែង សឿ សុធារ៉ា ហើយគេនៅមិនទាន់ដឹងនៅឡើយទេថាតើតារាសម្តែងរូបនេះអាចធ្វើចំណាត់ការទៅតាមផ្លូវច្បាប់លើបណ្តឹងបរិហាកេរ ឬក៏យ៉ាងណា? ខណៈដែលពេលនេះដំណឹងនៃការមិនទាន់បានទូទាត់ប្រាក់ទៅកាន់កូនក្រុមនោះត្រូវបានល្បីសុះសាយ និងត្រូវបានសារព័ត៌មានក្នុងស្រុកព្រោងព្រាតផ្សព្វផ្សាយលើករណីនេះ។ គេនៅបន្តរងចាំការបកស្រាយលម្អិតបន្ថែមទៀតពីទារាសម្តែង អ្នកនាង សឿ សុធារ៉ា ជុំវិញករណីនៃការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកមួយនេះរហូតលេចចេញដំណឹងថានាងអាចនឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដើម្បីជម្រះរឿងនេះផងដែរព្រោះតែប៉ះពាល់ដល់កិត្តិយសរបស់នាងជាខ្លាំងនោះ៕