នៅថ្ងៃទី៤ខែកញ្ញា ក្រុមហ៊ុនផ្សារទំនើប Countdown នៅប្រទេសនូវែលហ្សេឡង់បានប្រកាសថា នឹងមិនដាក់លក់កាំបិត កន្ត្រៃនៅក្នុងផ្សារទំនើបនោះឡើយ ក្រោយពេលដែលរងការវាយប្រហារដោយកាំបិតនៅក្នុងផ្សារទំនើបរបស់ក្រុមហ៊ុន។ នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វផ្សាយនោះ អគ្គនាយកទទួលបន្ទុកសុវត្ថិភាពរបស់ក្រុមហ៊ុន Countdown លោកស្រី Kiri Hannifin បានឱ្យដឹងថា «កាលពីយប់មិញយើងបានសម្រេចឈប់លក់កាំបិតគ្រប់ប្រភេទដាក់នៅក្នុងផ្សារទំនើប។ លោកស្រីបញ្ជាក់ថា ការសម្រេចខាងលើ គឺដើម្បីជួយដល់ក្រុមបុគ្គលិកនិងអតិថជននៅក្នុងផ្សារ មានសុវត្ថិភាព។ ជាមួយគ្នានេះដែរនៅផ្សារទំនើបផ្សេងៗទៀតក៏បានសម្រេចផ្អាកលក់កាំបិត វត្ថុដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ ។ កាលពីថ្ងៃទី៣ខែកញ្ញា ប៉ូលិសទីក្រុង Auckland បានសម្រេច បាញ់ប្រហារសម្លាប់ជនដៃដល់ប្រើកាំបិតវាយប្រហារនៅក្នុងផ្សារទំនើប New Lynn បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ កម្លាំងប៉ូលិសបានឱ្យដឹងថា ជនដៃដល់ជាបុរស ជនជាតិស្រីលង្កា។ នៅថ្ងៃទី៤ខែកញ្ញា នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានឱ្យដឹងថា ជនរងគ្រោះ៣នាក់ក្នុងចំណោម ៧នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់។ នាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ទៀតថា ជនដៃដល់ គឺជាបុគ្គលដែលកម្លាំងប៉ូលិសបានតាមដានតាំងពីឆ្នាំ២០១៦មក ដោយសារតែបានគាំទ្រទស្សនៈភេរវកម្ម នៃរដ្ឋអ៊ិស្លាម IS ។ កាលពីខែឧសភាឆ្នាំ២០២១ ក៏មានករណីវាយប្រហារដោយកាំបិតនៅក្នុងផ្សារទំនើប នៅតំបន់ Dunedin បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ផងដែរ៕ដោយ៖ធីរីណា
ក្រុម Countdown នៅប្រទេសនូវែលសេឡង់បានប្រកាសថាខ្លួននឹងលែងបង្ហាញកាំបិតនិងកន្ត្រៃនៅលើធ្នើររបស់ខ្លួនទៀតហើយបន្ទាប់ពីការវាយប្រហារភេរវកម្មដោយកាំបិត។ (ប្រភព៖ Rappler)
ប៉ូលីសរារាំងនៅខាងក្រៅផ្សារទំនើប New Lynn ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់ដើម្បីធ្វើការស៊ើបអង្កេតថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១ (រូបថត៖ THX/VNA)