ខេត្តបាត់ដំបង៖ ម្ចាស់ស្តង់ទិញដំឡូងមី១នាក់និងកម្មករ២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងធ្វើការចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនិងម្ចាស់ស្តង់ដំឡូងមីបានលួចបន្លំយកដីខ្សាច់ដាក់លាយជាមួយនិងដំឡូងមីស្ងួតដើម្បីឱ្យទម្ងន់ធ្ងន់ហើយដឹកតាមរថយន្តថៃនាំចេញទៅប្រទេសថៃ។
កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងស្តង់ទិញដំឡូងមីយីហោ ហុងហាន ស្ថិតនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ មានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃនិងលោក ហេង លុយ ព្រះរាជអាជ្ញារងអសាលាដំបូងខេត្ត សមត្ថកិច្ច រកឃើញថា ស្តង់ដំឡូងមីនោះពិតជាមានលាយដាក់ដីខ្សាច់ជាមួយនិងដំឡូងមីនោះពិតប្រាកដ ហើយរកឃើញដំឡូងមីដែលលាយដាក់ដីខ្សាច់ប្រមាណ ១០០តោនដែលគេគ្រោងរៀបចំឡើងរថយន្តនាំចេញទៅប្រទេសថៃ ទន្ទឹមនោះដីខ្សាច់លាយដំឡូងមីសមត្ថកិច្ចគ្រោង និងដុតកំទេចចោល។
បើតាមប្រភពព័ត៌មានពីលោក លី រុំ អធិការរងនគរបាលស្រុកសំពៅលូន ប្រាប់ឱ្យដឹងថា ការចុះបង្រ្កាបទីតាំងទិញដំឡូងមីនៅចំណុចខាងលើដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះមកសមត្ថកិច្ចពីភាពមិនប្រក្រតីរបស់ស្តង់ទិញដំឡូងមីយីហោ ហុង ហាន នោះ ហើយសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យតែម្តង។
បើតាមប្រភពព័ត៌មានដដែលបានប្រាប់ឱ្យដឹងទៀតថា ម្ចាស់ស្តង់ដំឡូងមីមានឈ្មោះ ហុង ហាន ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិស្រឡៅជ្រុំ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន រួមនិងកម្មករ ២នាក់ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់បញ្ជូនយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ម្ចាស់ស្តង់ដំឡូងមីឈ្មោះ ហុង ហាន បានប្រាប់សមត្ថកិច្ចស្តង់ដំឡូងនោះគឺគាត់ជួលឱ្យជនជាតិថៃ មិនជាប់ពាក់ព័ន្ធនិងគាត់នោះឡើយក៏ប៉ុន្តែសមត្ថកិច្ចសួររកឯកសារកិច្ចសន្យាជួលទីតាំងគឺម្ចាស់នោះមិនមានអ្វីទាល់តែសោះ។ ដូចច្នេះករណីនេះសមត្ថកិច្ចកំពុងតែសួរនាំបន្ថែមទៀតតើមានការជាប់ពាក់ព័ន្ធជាមួយជនជាតិថៃដែររឺទេ។ ពីព្រោះថានេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្លាចនេះជាករណីវិទ្ធង្សសេនាសេដ្ឋកិច្ចផលិតផលកសិកម្មរបស់កម្ពុជាពីព្រោះផលិតផលដំឡូងមីនោះត្រូវបានគេនាំឆ្លងកាត់ប្រទេសថៃ ហើយយកទៅលក់បន្តប្រទេសចិន៕
ដោយ៖ សំ វិច្ឆិកា