អភិបាលខណ្ឌចំការមន លើកឡើងថា ក្នុងពេលដែលបើកដំណើរការសាលារៀនឡើងវិញនាពេលខាងមុខ នឹងដាក់ឲ្យមានក្រុមគ្រូពេទ្យប្រចាំការនៅសាលារៀនផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចុះសម្អាតអនាម័យបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគនៅវិទ្យាល័យទួលទំពូង កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យទួលទំពូងផងនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា នឹងដាក់ឲ្យមានក្រុមគ្រូពេទ្យប្រចាំការនៅសាលារៀនផងដែរ ខណៈវិទ្យាល័យទួលទំពូង ត្រៀមនឹងបើកសាលាឡើងវិញនាពេលខាងមុខនេះ តែការបើកឡើងវិញនេះ គឺសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ប៉ុណ្ណោះ ព្រោះថា សិស្សថ្នាក់ទី៩ និងទី១២ នឹងត្រូវប្រលងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនៅក្នុងខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំ ២០២១នេះ ។

លោកអភិបាលខណ្ឌបានបន្តថា អនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់ឯ,ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោសសំអាតសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបើកសាលាអោយសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបអាជ្ញាធរខណ្ឌ បានដឹកនាំកម្លាំងចម្រុះខណ្ឌចំការមន និងសង្កាត់ បានសហការជាមួយនឹង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលទំពូង បានចុះសំអាត បរិស្ថាន ក្នុងសាលាជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគ ដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញ ក្រោយពេលមានការពិនិត្យវាយតម្លៃរួចរាល់ ។

លោក ថេង សុថុល បានបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះ ដើម្បីប្រាកដថា ទីតាំងសាលាទាំងមូល មានអនាម័យ និងមិនអោយសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ។

លោកអភិបាលខណ្ឌ ឆ្លៀតយកឱកាសនេះអរគុណចំពោះការចូលរួមរបស់លោកគ្រូអ្នកគ្រូ ក្នុងការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ និងអរគុណចំពោះមន្ត្រីរាជការរដ្ឋបាលខណ្ឌចំការមន និងសង្កាត់ ដែលតែងតែរួមគ្នាដោះស្រាយ តាមរកមុខសញ្ញាជំងឺកូវិដ-១៩ ដោយបានទប់ស្កាត់ទាន់ពេលវេលា ព្រោះក្រោយពេលមានព័ត៌មានថា នៅទីណា ដែលមានអ្នកឆ្លងជំងឺកូវិដ-១៩ គឺក្រុមការងារយើងបានទៅដល់ភ្លាម ដើម្បីអនុវត្តវិធានចត្តាឡីស័ក និងស្វែងរក អ្នកពាក់ព័ន្ធភ្លាមៗ ដោយមិនអោយរាលដាលទៅកន្លែងផ្សេងនោះទេ ។

លោកនាយកវិទ្យាល័យទួលទំពូង បានឲ្យដឹងដែរថា សិស្សានុសិស្សនៃវិទ្យាល័យទួលទំពូងប្រមាណជា ៩៨%ហើយ បានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈសិស្សដែលមិនបានចាក់វ៉ាក់សាំងនោះ គឺពួកគាត់មានជំងឺ ប្រចាំកាយ ។ លោកបានលើកឡើងថា ក្រោយពីផ្ទុះឡើងនៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សាលារៀននៅទូទាំង ប្រទេស ក៏ដូចជាវិទ្យាល័យទួលទំពូង បានបិទជាបណ្ដោះអាសន្ន ដោយបានឲ្យសិស្សានុសិស្សទាំងអស់ រៀនតាមប្រព័ន្ធអនឡាញ ។ តែយ៉ាងណា លោកនាយកបានបញ្ជាក់ថា ការរៀនតាម Online របស់សិស្សានុសិស្ស គឺទទួលបានការបង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទួលទំពូង និងមានការសហការល្អផងដែរ ពីមាតាបិតារបស់សិស្សានុសិស្សផ្ទាល់ ។

សូមរំលឹកថា យោងតាមសារជាសំឡេង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងសាលារៀននៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លងកើតឡើង ។ សម្ដេចថា យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបាន ដើម្បីយើង ពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយកន្លែងណាមានលទ្ធភាពបើកបានគឺបើក កន្លែងណាដែលពុំមានលទ្ធភាពបើក គឺយើងឱ្យរៀនពីចម្ងាយ កន្លែងណាមានលទ្ធភាពអាចបើក ហើយមានការរៀនបែបចម្រុះ ដោយមានការរៀនដោយផ្ទាល់ និងរៀនពីចម្ងាយ សូមពិនិត្យ ហើយបើមិនដូច្នេះទេ យើងនឹងឋិតនៅក្នុងស្ថានភាពបាត់បង់ឱកាសសម្រាប់កុមារ យុវវ័យ និងយុវជនរបស់យើង ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print