ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាបសម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី វេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាបសម្រេច:
ប្រការ១..ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី វេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះពីម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) លើកលែងតែចំពោះករណី ដូចខាងក្រោម៖
-ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ដែល មានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
-ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ឱសថស្ថាន
-សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍
-ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ -ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត
-ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស សេវាសណ្ឋាគារ និងផ្ទះសំណាក់
-ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសវាចាំបាច់ដទៃទៀត
ប្រការ២..ប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១២ និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តសៀមរាប ដើម្បី សហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ក្នុង ភូមិសាស្ត្រខេត្តសៀមរាប ដូចមានចែងក្នុងប្រការ១ ខាងលើឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងករណីរកឃើញថាបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានកាំកនេះគេអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស គ្រប់រូប តាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៤.… នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា