សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ មហាអនុតំបន់មេគង្គ” ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សថ្មី

ចែករំលែក៖

ភ្នំពេញ, សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧

ក្រោមមូលបទ+ “មហាអនុតំបន់មេគង្គ+ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១
-ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ
-ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី
-ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀងរាល់បីឆ្នាំម្តងរបស់យើង គឺជាព្រឹត្តិការណ៍ដ៍សំខាន់នៅក្នុង ក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គរបស់យើង។ នៅក្នុងកិច្ចប្រជុំ កំពូលលើកទី របស់យើងថ្ងៃនេះ យើងបានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថា ឯកសារនេះ នឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្លុតស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ។

យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៍ស្ងួតស្មាញមួយដែលកើតឡើងពីជំងឺកូវីដ-១៩ ដែល នាំមកជាមួយនូវផលប៉ះពាល់ដែលអូសបន្លាយពេលយូរនិងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈនិងសេដ្ឋកិច្ច។ ឥឡូវនេះ ទោះបីជាយើងមានវា៉ក់សាំងដែលជាពន្លឺនៃក្ដីសង្ឃឹមក៍ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំ ប្រឹងប្រែងនិងការប្ដេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្តារសេដ្ឋកិច្ចរបស់ យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ។
លើសពីនេះ ខណៈពេលដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែងនិងទូលាយជាងនេះ កំពុង ស្តែងចេញឡើង ដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី “ ភាពអាសន្ននៃអាកាសធាតុ” ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិ ផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ច ពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណះជាឯកតោ ភាគីនិយម។

ទោះជាយ៉ាងណា បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់និងសមត្ថភាព ឆ្លើយតបរបស់យើងម្តងហើយម្តងទៀត ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនិងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់។ ការគំរាមកំហែងនិងបញ្ហាប្រឈមដែលយើងជួបប្រទះ តើមានផលរំខាននិងរាលដាលឆ្លងដែន ដូច្នេះ យើងត្រូវធ្វើសកម្មភាពរួមគ្នា។ ខ្ញុំជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងមានតម្លៃគួរឱ្យកត់ សម្គាល់លើសពីការរួមបញ្ចូលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួនក្នុងការដោះស្រាយបញ្ហារួម។

ដូច្នេះ ខ្ញុំសូមជំរុញឱ្យយើងទាំងអស់គ្នាប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើង និងបន្តអនុវត្តយុទ្ធសាស្ត្រនិងសកម្មភាពអាទិភាពដែលមាននៅក្នុងឯកសារពីរដែលយើងបានអនុម័តនៅ ថ្ងៃនេះ។ ខ្ញុំជឿជាក់ថា យុទ្ធសាស្ត្រទាំងនេះគឺត្រឹមត្រូវ និងត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃ យ៉ាងច្បាស់លាស់លើបរិបទតំបន់និងពិភពលោក ដោយប្រកាន់យកនូវដំណោះស្រាយដែលផ្អែកលើ ចំណេះដឹងជាមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ជោគជ័យនឹងអាស្រ័យលើការអនុវត្តប្រកបដោយ ប្រសិទ្ធភាព។ ដូច្នេះយើងត្រូវតែប្រឹងប្រែងក្នុងការតាមដានវឌ្ឍនភាព និងវាយតម្លៃជានិច្ចនូវស្ថានភាព ផ្លាស់ប្តូរឆាប់រហ័ស និងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ និងតួអង្គទាំងអស់ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធផលដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់ការគាំទ្រឥតឈប់ឈរដល់កម្មវិធី មហាអនុតំបន់មេគង្គ ដែលបានដើរតួនាទីជាលេខាធិការដ្ឋាន និងជាអ្នកជំរុញកៀរគរហិរញ្ញប្បទាន។ ខ្ញុំក៍ សូមថ្លែងអំណរគុណចំពោះដៃតួអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានផ្ដល់ការគាំទ្រដល់កម្មវិធី សហប្រតិបត្តិការរបស់យើង រួមទាំងវិស័យឯកជនដែលបានផ្ដល់ការចូលរួមកាន់តែស៊ីជម្រៅដែលចាំបាច់ ក្នុងការសម្រេចនូវជោគជ័យជាបន្តទៀតនៅក្នុងទសវត្សរ៍ថ្មីនេះ។

ខ្ញុំមានកិត្តិយសនិងមានសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់នេះ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនឹងយល់ស្របជាមួយខ្ញុំថា ទោះបីជាមានឧបសគ្គនៅក្នុងស្ថានភាពបច្ចុប្បន្នដែលមិនអាចផ្តល់លទ្ធភាពឱ្យមានការរៀបចំកិច្ចប្រជុំ ដោយផ្ទាល់នាថ្ងៃនេះក្ដី ក៍កិច្ចប្រជុំកំពូលយើងនៅតែទទួលបានជោគជ័យខ្ពស់ដូចការរំពឹងទុក។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សម្រាប់ការចូលរួមនិងវិភាគទានដ៍សំខាន់សម្រាប់កិច្ចប្រជុំយើង។

ខ្ញុំសូមជូនពរឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អនិងប្រកបដោយសុវត្ថិភាព។ យើងនឹងជួបគ្នាសារជាថ្មីនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើក ៨ ដែលនឹងត្រូវប្រារព្ធធ្វើ ឡើងនៅសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ ២០២៤ ។

ខ្ញុំសូមប្រកាសជាផ្លូវការនូវការបិទបញ្ចប់នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧៕

 

...

ដោយ៖  សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print