ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» តាមការថតវីដេអូ។
ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុង ពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ»។
សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិតនិងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់កម្ពុជាទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានប្តេជ្ញាប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត។ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្ត បីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់សេវាសាធារណៈជួរមុខ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដែលសម្រេចបាន នូវយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងចំនួន២ដូសជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេចបានចំនួន ៨៦% និងដូសទី១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន៨១%។ កម្ពុជានឹងអាចសម្រេចបាននូវ គោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ចនាពេលឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួច ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។
វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើងប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលជាស្មារតីជួយ ជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលជាស្មារតីជួយ ជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា
៕
ដោយ៖ស តារា