រថយន្តដឹកមាន់ពន្លះជាមួយម៉ូតូនិចពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលេីដងផ្លូវត្រូវបានរថយន្តដឹកមាន់បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខបន្ទាយកងរាជអាវុធហត្ថកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះហឿន សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិគោហ៊េ​ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-0438បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនឹងម៉ូតូស៊ុយហ្ស៊ុយគីនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1DE-0001ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកផ្ទប់ក្បាលនឹងរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណាចអាធ័ម។ ភ្លាមៗនោះតៃកុងរថយន្តនិងអ្នករួមដំណើរឃើញសភាពមិនស្រួលក៏នាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print