វិចារណកថា÷ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជាថ្ងៃនេះគឺជាមហាជោគជ័យធំមួយ

ចែករំលែក៖

ទស្សនកិច្ចរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅកម្ពុជានាពេលនេះគឺបង្ហាញអំពីភាពជោគជ័យថ្មីដ៏ធំសម្បើមមួយទៀតរបស់កម្ពុជាទាំងនយោបាយការទូតនិងសេដ្ឋកិច្ច ។ ជំហានថ្មីដែលប្រកបដោយជោគជ័យមួយទៀតសម្រាប់កម្ពុជាគឺជាអ្វីដែលក្រុមអ្នកវិភាគមើលឃើញថា ផលចំណេញលើសការរំពឹងទុកនិងជូនដល់ប្រជាជាតិកម្ពុជានៅថ្ងៃនេះនិងថ្ងៃអនាគត ។ សមិទ្ធផលជាច្រើននិងផ្ដល់ជូនប្រជាជាតិកម្ពុជានៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយនេះហើយដូចអ្វីដែលប្រជាជនកម្ពុជាបានឃើញនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ19មានតែមហាមិត្តចិនមួយប៉ុណ្ណោះរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ។

ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចទៅកាន់៤ប្រទេសលើកនេះ ដែលបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េខាងត្បូងថែមទៀត។ ចំពោះទស្សនកិច្ចនេះដែរ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងផ្តល់ផលចំណេញមហាសាលដល់កម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ផលចំណេញទាំងនោះនឹងបង្ហាញជាក់ស្ដែងតាមរយៈការចូលរួមចំណែកអភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំដល់ចំណុចកំពូល។

កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងក្នុងការបង្កើតសហគមន៍ ដែលជោគវាសនារួមគ្នាកាលពីខែមេសា ឆ្នាំ២០១៩ ហើយចុងឆ្នាំ២០២០ កន្លងទៅ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ ដែលទាំងនេះ គឺសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងស៉ីជម្រៅ រវាងកម្ពុជា-ចិន។ ជាមួយគ្នានោះ រដ្ឋសភាកម្ពុជាក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ។ ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងពន្លឿនការអនុវត្តពេញលេញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរបានចុះហត្ថលេខានេះ។ នេះបញ្ជាក់ឲ្យឃើញថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាងយី នៅពេលនេះនិងជំរុញបន្ថែមទៀតលើដំណើរការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែលឿនថែមទៀត។

បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកសិក្សាស្រាវជ្រាវមួយរូបទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានលើកឡើងថា ទស្សនកិច្ចនេះ ដោយសារតែកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ នៅវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមលើនេះ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ដែលកម្ពុជាអាចមានសំឡេង នៅក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់ចិននៅក្នុងតំបន់ ជាពិសេសលើស្ថិរភាព និងសន្តិសុខ។ មិនត្រឹមតែចំណេញនយោបាយទេ គឺកម្ពុជាក៏ចំណេញលើផ្នែកសេដ្ឋកិច្ចដែរ។ លោកបន្តថា «ដូច្នេះហើយ (ទស្សនកិច្ចនេះធ្វើឱ្យ) កម្ពុជាមានឱកាសជំរុញពាណិជ្ជកម្មសេរីជាមួយចិន ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងទើបតែបានអនុម័តនៅក្នុងសភាថ្មីៗនេះ។ អញ្ចឹង វាជាការបើកច្រកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជាពិសេសបានជួយទៅដល់បងប្អូនកសិករយើង ដែលអាចនាំផលិតផលកសិកម្មចេញ»។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ លោកថា «ជាទិដ្ឋភាពនយោបាយ វាជាសារមួយដែលអាចបញ្ជាក់បានថា នៅពេលណានិយាយពីអាស៉ីអាគ្នេយ៍ ឬនិយាយពីអាស៊ាន ចិនមិនដែលភ្លេចកម្ពុជានោះទេ។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល់ អាស៉ីអាគ្នេយ៍ ស្ទើរតែក្លាយជាមជ្ឈមណ្ឌលនៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នឹងជួយជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅអាស៉ីអាគ្នេយ៍»។

លោកបណ្ឌិតវិភាគថា ទន្ទឹមនឹងនេះ វាក៏ជាការឆ្លើយតបខាងផ្នែកការទូតដ៏សំខាន់ផងដែរ ដែលកាលពីពេលថ្មីៗនេះ មានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី Kamala Harris ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពីដើមខែមិថុនា កន្លងទៅ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិក Wendy Sherman ក៏បានបំពេញទស្សនកិច្ចមកកាន់ប្រទេសនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ផងដែរ រួមទាំងកម្ពុជាផងដែរ។ «ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញឱ្យឃើញថា កម្ពុជាមានគោលនយោបាយការបរទេសផ្កាចម្រុះពណ៌ យើងទទួលស្វាគមន៍មហាអំណាច ក៏ដូចជាប្រទេសនានាទាំងអស់ គឺកម្ពុជាមិនដែលជ្រើសរើសប្រទេសណាមួយមួយជំនួសប្រទេសណាមួយនោះទេ។ កម្ពុជាប្រាថ្នារួមរស់ ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់ទាំងក្នុងតំបន់និងពិភពលោក។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅកាន់ដំណាក់កាលថ្មីទៀត»។

ចំពោះបញ្ហាសេដ្ឋកិច្ចនៅក្នុងដំណើរទស្សនកិច្ចនេះ លោក គិន ភា រំពឹងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នឹងជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៉ីជម្រៅ។ លោកបញ្ជាក់ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេសម្រាប់ប្រទេសកម្ពុជា ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា និងក៏ជាម្ចាស់ជំនួយធំជាងគេផងដែរសម្រាប់ប្រទេសកម្ពុជា។ លោកមើលឃើញអំពីសារៈសំខាន់នៅដំណើរទស្សនកិច្ចនេះដែលនឹងជួយជំរុញអោយសេដ្ឋកិច្ចកម្ពុជាឆាប់ងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ19 ដែលកំពុងគ្របដណ្ដប់នៅលើពិភពលោក។

សម្រាប់ប្រជាជនកម្ពុជាកេរដំណែលនៃចំណងមិត្តភាពបានចាប់ផ្ដើមឡើងនិងបន្សល់ដោយសម្ដេចព្រះនរោត្តមសីហនុគឺជាមោទនភាពដ៏អស្ចារ្យដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។ នោះគឺជាមិត្តភាពស្មើមុខស្មើមាត់និងឱ្យតម្លៃគ្នាទៅវិញទៅមករវាងប្រជាជនក៏ដូចជាមេដឹកនាំនៃប្រទេសទាំងពីរ ។ ភាពស្មើមុខស្មើមាត់គ្មានការកេងចំណេញប៉ុន្តែមិត្តភាពស្មោះត្រង់បានផ្ដល់នូវភាពកក់ក្តៅសម្រាប់ប្រជាជនកម្ពុជា ។ ក្នុងកាលៈទេសៈនេះប្រជាជនកម្ពុជាជូនពរឱ្យប្រជាជនចិននិងមេដឹកនាំចិនទទួលបាននូវសេចក្តីសុខចម្រើននិងការអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print