សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»

ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧។
ខ្ញុំមានកិត្តិយសនិងក្តីសោមនស្ស ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី «មហា សន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២» ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃ បានដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ។

បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុម តាលីបង់ ។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើត ឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជន កម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្ដង ទៀតឡើយ ។

ច្បាស់ណាស់ថា, ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួល យ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅ ក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះអាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិនប្រក្រតី នោះគឺ រដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផល ប្រយោជន៍ជាតិរបស់ខ្លួន ។
តាមរយៈបទពិសោធន៍ដែលស្តែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយនៅប្រទេស អាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងៗទៀត, យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅ ក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិ បាន ។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ ។ ក្នុងន័យនេះ, ខ្ញុំសូម គូសបញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព ។ និយាយមួយបែបទៀតបានថា, ប្រទេសដទៃមិនអាចមក បណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះ សំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋ កិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ ។

ជាក់ស្តែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ ។ សន្តិភាព ពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។ ខ្ញុំសូមគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០, កម្ពុជាមិន អាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង ។ ក្នុងន័យនេះ, ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន ” ភាពជាម្ចាស់ប្រទេស” នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ ។

ឯកឧត្តម, លោកជំទាវលោក, លោកស្រី!

ខ្ញុំពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហ ព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី “ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ » ។ ខ្ញុំយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា ។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើក កម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា, ការ វិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព

ជាពិសេសការ ធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងសុភមង្គល ។ ខ្ញុំ ក៏សូមជូនពរ “មហាសន្និបាតនៃក្ដីសង្ឃឹមលើកទី ៧» ឱ្យទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កា ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print