ភ្នំពេញ : នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជា សហប្រធានជាមួយ លោកWang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។ លោករដ្ឋមន្ត្រី ក៏បានស្នើសុំលោកWang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
អង្គប្រជុំបានរំឭកពីផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣។
អង្គប្រជុំបានបញ្ជាក់ជាថ្មីអំពីការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងការសម្រួលពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្ម។
អង្គប្រជុំបានកត់សម្គាល់លើពិធីសារធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) រួមបញ្ចូលកម្មវិធីការងារនាពេលអនាគតរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន។
អង្គប្រជុំបានកត់សម្គាល់សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាវីរុស (កូវីដ-19) និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA) ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់ និងពិភពលោក។
អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺ កូវីដ-១៩។ យើងនៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាង អាស៊ាននិងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។
អង្គប្រជុំបានស្វាគមន៍ចំពោះការបញ្ចប់នូវការរៀបចំអនុស្សរណៈយោគយល់ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីពង្រឹងកិច្ចហប្រតិបត្តិការក្នុងការអនុវត្តវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ (SPS) និងធានាការធ្វើពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្មរវាងអាស៊ាន-ចិន អនុលោមតាមតម្រូវការ និងគោលការណ៍ នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកផ្នែក (WTO SPS) និងគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំនេះ។ អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។
អង្គប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣ ដែលរួមមាន សកម្មភាពក្នុងការពារសុវត្ថិភាពស្បៀង រុក្ខជាតិ និងសុខភាពសត្វ និងផ្តោតសំខាន់ទៅលើ i) ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ii) ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ iii) រៀបចំការបណ្តុះបណ្តាល, សិក្ខាសាលា, សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន iv) ការសិក្សាស្រាវជ្រាវរួមគ្នា និង v) ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។
អង្គប្រជុំបានឯកភាពថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។
អង្គប្រជុំបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន ចំពោះការរៀបចំកិច្ចប្រជុំបានយ៉ាងល្អប្រសើរ៕
ដោយ ៖ ស សម