ខេត្តបាត់ដំបង៖ ក្រុមការងារអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ចំនួន ១៥នាក់ ស្រី១នាក់ នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តជួយសម្របសម្រួលដំណើរការចាក់ សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំ និងពីអាយុ១៨ឆ្នាំលើកទី២ នៅបរិវេណមណ្ឌលសុខភាពចំការសំរោង ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឱ្យបានលឿន រហ័ស និងគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ និងឲ្យបានគ្រប់ៗគ្នា ដែលមកពីបណ្តាលសង្កាត់ចំនួន៣ រួមមានសង្កាត់ក្តលដូនទាវ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា បានបន្តអំពាវនាវជូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយដោយត្រូវមានការរក្សាគម្លាតស្ដង់ដា តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្រ្ចៀតគ្នា បង្កឱ្យមានហានិភ័យនោះទេ។
បន្ថែមពីនេះ ក្រុមការងារអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា សូមឱ្យបងប្អូនបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដុសរួចហើយ សូមបន្តអនុវត្ត៣ កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ និងបន្តអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលដែលបានដាក់ជូនផងដែរ ៕
ដោយ៖សហការី