ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ដែរបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំសណ្ដោងសឺមីរឺុម៉កបុកជាមួយនឹងម៉ូតូឌ្រីមសេ១២៥ ហើយត្រូវបាននគរបាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ករណីនេះបានកើតឡើងនៅព្រឹកថៃ្ងចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចរូបសំណាកតារែកទឹកត្នោត។ រថយន្តសណ្ដោងសឺមីរឺុម៉ក (ក្បាលរថយន្ត) ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-1858 រីឯម៉ូតូឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-3448 ។
ជនរងគ្រោះទាំងពីរនាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែលជាភាគីខាងម៉ូតូមាន៖
១-ឈ្មោះ ធីម សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃតាប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង (របួសស្រាល) ។
២-ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) ចំណែកអ្នកបើកបររថយន្ដមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ ឡើយ ព្រោះក្រោយកើតហេតុគេបានរត់គេចខ្លួនបាត់ ។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍បានឱ្យដឹងថា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យមេីលស្ថានភាពដែលបង្កឱ្យកេីតមានហានិភ័យ ។
បច្ចុប្បន្នជំនាញបានបញ្ជូនមធ្យោបាយបង្កមកកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធីបន្ដ ៕
ដោយ៖ ស សម