ខេត្តសៀមរាប៖ បេីយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ នឹងមានមានដីធ្លីស្ថិតនៅភូមិទាំង៨ នៃឃុំកណ្តែក ស្រុកប្រាសាទគង ខេត្តសៀមរាប បានសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទផ្សាយដេីម្បីចែកប័ណ្ណម្ចាស់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋផង។ ដោយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និង ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថាដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាឃុំកណ្តែក ។
សូមបញ្ជាក់ផងដែរថា ការចុះវាស់វែងពីមន្រ្តីសុរិយោដី ដេីម្បីចុះជាបញ្ជីដីប្រពន្ឋ័ (Lmap) តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មក រហូតដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន៖ ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម។
តាមប្រភពព័ត៌មានច្បាស់ការ បានបង្ហើបឱ្យដឹងថា មានការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ អុឹង សោភ័ណ្ឌ មានតួនាទីជានាយកទីចាត់ការអន្តរវិស័យ ដែលចេះគ្រប់រឿង តែងតែលូកដៃចូលបង្អាក់លេីកិច្ចការជំនាញរបស់មន្ត្រីសុរិយោដី ទេីបមានការយឺតយ៉ាវ ក្នុងការបិទផ្សាយដេីម្បីចែកប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៨ភូមិបែបនេះ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋសូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយពិនិត្យមើលបុគ្គលឈ្មោះ អុឹង សោភ័ណ្ឌ នេះផង ព្រោះកន្លងមកនៅក្នុងអង្គប្រជុំម្តងៗ បុគ្គលរូបនេះតែងតែលើកឡើងពីផលអវិជ្ជមាន និងជំទាស់គ្រប់រឿង ធ្វើឱ្យអង្គប្រជុំប្រើរយៈពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផលផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋឱ្យដំណើរការបានរលូន និងចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ និងចូលរួមលើស្ទួយជំរុញការងារទិសដៅគោលនយោយបាយរបស់រាជរដ្ឋាភិបាលនោះឡើយ។ មិនតែប៉ុណ្ណោះ បានលិចលឺព័ត៌មានថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឱ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មានច្បាប់ពីសុរិយោដីហេីយ ក៏មិនអាចសាងសង់បានដែរបើពុំមានការឯកភាពពីលោក អុឹង សោភ័ណ្ឌ។ ហេីយបើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយៈលោក អុឹង សោភ័ណ្ឌ គឺស៉ីដាច់លុយ មិនចេញច្បាប់ឱ្យសាងសងនោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វី បានជាប្រព័ន្ធLmap ចុះរយះពេល២ឆ្នាំហេីយ មិនមានការបិទផ្សាយដេីម្បីចែកបណ្ណ័ ដល់ប្រជាពលរដ្ឋ ដែលត្រូវការប្រើប្រាស់ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្នុងការលក់ដូរ ឬដាក់បញ្ចាំធនាគារដែលមានការប្រាក់ទាប ដេីម្បីយកប្រាក់មករកសុី និងនិងដោះស្រាយបញ្ហាជីវភាពដែលប៉ះពាល់ធ្ងន់ធ្ងរដោយ ជម្ងឺCovid-19កំពុងរីករាលដាល។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋថែមទាំងបានរអ៊ូរទាំថា បេីមានមន្រ្តីដូចបុគ្គលឈ្មោះ អុឹង សោភ័ណ្ឌ នេះតេីឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី?។
ពាក់ព័ទ្ធទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ធពាក់ព័ន្ធករណីខាងលើ លោកអុឹង សោភ័ណ្ឌ បានឆ្លេីយបំភ្លឺប្រាប់អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គនតាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃចន្ទទី១៣ ខែកញ្ញានេះថា លោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់អស់ទាំងអស់នេះទេ រាល់ថ្ងៃលើខិតខំប្រឹងប្រែងក្នុងការបំពេញការងារជូនប្រជាពលរដ្ធក្នុងមូលដ្ឋានខេត្តសៀមរាបខ្លាំងណាស់ ទោះបីជាក្នុងបរិបទការរីករាលដាលនៃជម្ងឺកូវីដ១៩នេះក៏ដោយ ។ ហើយការចុះអនុវត្តការងារកន្លងមក គាត់មានទំនាក់ទំនងល្អណាស់ជាមួយប្រជាពលរដ្ធ មិនមានភាពល្អក់កករណាមួយនោះឡើយ មានតែជួយសម្រួលដល់ដំណើរការឱ្យមានភាពល្អប្រសើរ ពោលគឺមិនដូចការចោទប្រកាន់នោះទេ ។ លោកអុឹង សោភ័ណ្ឌ បានបញ្ជាក់ថា ការចុះបញ្ជីមិនមែនជារឿងងាយស្រួលដូចអ្វីដែលគិតនោះទេ គឺត្រូវធ្វើការឱ្យបានម៉ត់ចត់ ច្បាស់លាស់ ទើបដំណើរការប្រកបភាពត្រឹមត្រូវទៅតាមច្បាប់ ។ ចំណែករឿងចោទប្រកាន់ថាលោកកាងសំណង់ផ្សេងៗ និងស៊ីដាច់លុយនោះ គឺជារឿងមិនពិតនោះទេ លោកសូមបដិសេដចោលទាំងស្រុង៕
ដោយ៖ស តារា