ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ដែលលួចយកសម្ភារនៅក្នុងយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ហើយបានបន្សល់ទុកនូវរូបថតធ្វើសកម្មភាពលួចក្នុងកាមេរ៉ាសុវត្ថិភាព ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។
ករណីខាងលើនេះបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ កញ្ញា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។
សមត្ថកិច្ចកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវតាមប្រមាញ់តាមរយៈរូបថតដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព អស់រយៈពេល០៥ថ្ងៃទើបក្របួច.កជនដៃដល់រូបនេះបាន ។
យោងតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ជនសង្ស័យឈ្មោះ សាយ សុភាព ហៅខ្មៅ អាយុ២៨ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចា ។ ជាមួយនឹងការឃាត់ខ្លួន នេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប៉ុស្ដិ៍ផ្សាដែក០១ ម៉ូទ័រឆាប០១ និង ម៉ូទ័រស្វាន
ចំនួន០២ ។
លោកឈឿងគឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សាយ សុភាព ហៅ ខ្មៅ បានធ្វើសកម្មភាពលួចសម្ភារៈនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង កាលពីវេលាម៉ោងរំលងអធ្រាត្ រឈានចូលថ្ងៃទី០៧ កញ្ញា នៅចំណុចភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដបង ដែលមានម្ចាស់ឈ្មោះ អៃ ត្រៃលក្ខណ៏ ហៅ វីរៈ ប្រុសអាយុ៤១ឆ្នាំ។
លោកគឹម សុង បានបញ្ជាក់ថា សកម្មភាពជនសង្ស័យចូលលួចទ្រព្យសម្បត្តិបានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលម្នាស់យានដ្ឋានបានបបំពាក់ហើយជននេះ បានដើររុករកវត្ថុនានានៅក្នុងយានដ្ឋាន ហើយបានលួចយកសម្ភារមួយចំនួន ដែលកម្លាំងជំនាញរបស់លោកដកហូតបានខាងលើនេះ ។ ប៉ុន្តែយ៉ាងណាក្ដី ជនដៃដល់ត្រូវបានឃាត់ខ្លួន និងដកហូតបានវត្ថុតាងទាំងនោះយកទៅប្រគល់ជូនម្ចាស់វិញ ក្រោយកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវរយះពេល០៥ថ្ងៃ ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យរបស់លោកសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងខេត្តម្តង ៕
ដោយ៖ អរុណរះ