រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងជំងឺកូវីដ.១៩ ជូនកុមារអាយុពី០៦ ដល់អាយុក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងទៅ និងកុមារ យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន១០០% នៃផែនការកំណត់ ហើយកំពុងបន្តចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ហើយមានវត្តមាននៅរាជធានីភ្នំពេញ និងកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ផងដែរ។ យ៉ាងណាមិញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១. សម្តេចតេជោ បាន ដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងគោលដៅកាត់ ផ្តាច់ការគំរាមកំហែងនៃមេរោគកូវីដ-១៩ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ់-១៩ ជាពិសេស ការឈានទៅបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ។

ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ ទីតាំង ដែលបានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ។

ទន្ទឹមនឹងនេះចំពោះកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយ នូវឯកសារ និងអនុវត្តគោលការណ៍ចាំបាច់ ដូចខាងក្រោម៖

– សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល

– ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឱ្យ មាតាបិតា-អាណាព្យាបាល បំពេញ នូវលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមក បុត្រធីតាឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ
– ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមាន ទីតាំងស្នាក់នៅពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវ ចំពោះមាតាបិតា-អាណាព្យាបាលដែល ត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សា គម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ ភ្ជុំ” របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- ឱ្យបានឆាប់នាពេលខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print