នៅថ្ងៃទី១៦ខែកញ្ញា កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ដោយជោគជ័យចេញពីរថភ្លើង។ មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនេះគឺជាប្រភេទរយៈចម្ងាយខ្លី ដោយបាញ់សំដៅទៅកាន់ដែនសមុទ្រជប៉ុន។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា «ក្រោយពេលរថភ្លើងធ្វើដំណើរដល់តំបន់ភ្នំនាព្រឹកថ្ងៃទី១៥ខែកញ្ញា កងកម្លាំងកាំជ្រួចមីស៊ីលផ្លូវដែក បានចូលរួមនៅក្នុងសមយុទ្ធដោយមានភារកិច្ចវាយប្រហារគោលដៅដែលមានចម្ងាយពីប្រទេស៨០០គីឡូម៉ែត្រ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីលបានបាញ់ចេញពីរថភ្លើងដែលកំពុងតែធ្វើដំណើរ មិនមែនបាញ់ចេញពីជើងទម្រនៅមួយកន្លែងឡើយ។ ការបាញ់សាកល្បងខាងលើកើតឡើងក្រោយប៉ុន្មានថ្ងៃដែលកូរ៉េខាងជើង បានបាញ់សាកមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ ។ សារព័ត៌មាន KCNA បានផ្សាយថា ការបាញ់មីស៊ីលសាកល្បងខាងលើគឺដើម្បីបង្កើនសមត្ថភាពទប់ទល់វាយបកទៅវិញ ក្នុងពេលដែលកូរ៉េខាងជើងរងការវាយប្រហារ។ ការបាញ់សាកល្បងមីស៊ីលគឺដើម្បីត្រួតពិនិត្យកម្រិតប្រសិទ្ធភាពវាយប្រហារចំគោលដៅ និងកម្លាំងបំផ្លាញនៃមីស៊ីលខាងលើ។ ការសាកល្បងលើកនេះមេដឹកនាំគីម ជុងអ៊ុនមិនបានត្រួតពិនិត្យដោយផ្ទាល់នោះឡើយ គឺជំនួសវិញដោយលោក Pak Jong-chon សមាជិកក្រសួងនយោបាយនៃគណបក្សពលករកូរ៉េខាងជើង ៕ដោយ៖ធីរីណា
រូបភាពនៃការធ្វើតេស្តចុងក្រោយរបស់កូរ៉េខាងជើង។ រូបថត៖ KCNA
រូបថត៖RT