ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងកងពលតូចថ្មើរជើងលេខ៥២ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ បានធ្វើការប្រជុំត្រួតពិនិត្យកម្លាំង សម្ភារ និងមធ្យោបាយធ្វើដំណើរ ដែលត្រៀមនឹងចេញដំណើរក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី២ ដោយឥតគិតថ្លៃ ជូនមនុស្សចាស់ និងកុមារ រស់នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានផ្ដាំផ្ញើដល់ក្រុមការងារចាក់វ៉ាក់កងពលដែលត្រៀមនឹងចេញដំណើរក្នុងបេសកកម្មចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលនេះ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចការងារឱ្យបានល្អ គោរពវិន័យ សណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់កិត្យានុភាព នៃកងយោធពលខេមរភូមិន្ទ សហការឱ្យបានល្អជាមួយបណ្ដាស្ថាប័នកងកម្លាំង អជ្ញាធរដែនដី ឱ្យមានភាពរលូន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ត្រូវបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគដ៏កាចសាហាវកូវីដ-១៩៕
ដោយ៖ សូរិយា