ភ្នំពេញ៖ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយម្តងនេះកុមារីវ័យ១២ឆ្នាំ លី វិជ្ជរ៉ា បានបញ្ចេញរូបថតដ៏ស្រស់សោភាមួយចំនួននៅលើបណ្តាញសង្គមហ្វេសបុក។ មកលើកនេះគឺពិតជាប្លែកភ្នែក និងមិនសរសើរមិនបានអំពីសម្រស់ដ៏ស្រស់ផូផង់ស្រទន់ស្អាតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជាកូនក្រមុំក្នុងពិធីមង្គលការតែម្តង ដែលរាល់ដងនាងតែងតែបង្ហាញក្នុងឈុតបែបស៊ីវិល័យបែបសិចស៊ីនោះ។
គេចាំបានផងដែរថា កុមារី លី វិជ្ជរ៉ា គឺជាប្អូនស្រីបង្កើតរបស់តារាសម្តែង លោក លី ឧត្តម នាងមានវ័យ១២ឆ្នាំ។ ក្មេងស្រីរូបនេះ មានកម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤៥គីឡូក្រាម នាងសិក្សាថ្នាក់ទី៦នៃសាលាប៊ែលធីអន្តរជាតិសាខាផ្សារដីហុយ។ នាងទទួលបានការចាប់អារម្មណ៍កាលពីថ្មីៗកន្លងទៅនេះក្រោយពីនាងប្រកាសក្នុងការចង់ចូលរួមប្រកួតនៅលើឆាកកញ្ញាឯកចក្រវាឡកម្ពុជា។ ទស្សនិកជនជាច្រើនបានសរសើរថានាងជាក្មេងស្រីដែលមានទាំងសម្រស់ស្រស់សោភា និងសមត្ថភាពសិល្បៈរួមទាំងសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសនោះ។ នាងមានទំនោរក្នុងការស្រលាញ់វិស័យសិល្បៈជាច្រើនទម្រង់ទាំងការច្រៀង សម្តែង បង្ហាញម៉ូត និងពិធីករ ហើយឆ្នាំក្រោយ គ្រួសារនាងសម្រេចឲ្យចូលសិក្សានៅលាលាភូមិន្ទវិចិត្រសិល្បៈ ដើម្បីបំពេញបំណង និងចង់ឲ្យនាងសិក្សាស្វែងយល់ លើចំណេះដឹងនិងរៀនពីមូលដ្ឋាននៃទម្រង់សិល្បៈបាតរបស់ខ្មែរមុនពេលនាងចូលរួមប្រកួត ឬចូលប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹងនៅពេលពេញវ័យ។
រូបថតថ្មីប៉ុន្មានថ្ងៃមុននេះត្រូវបានគេដឹងថាជាការថតឈុតផ្សព្វផ្សាយសម្អាងការ មួយ។ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីពណ៌ស្រាលៗនេះសមទៅនឹងសម្បូរស្រអែមស្រស់និងកាន់តែលើកសម្រស់ក្មេងស្រីរូបនេះស្រស់ស្អាតខ្លាំងឡើង ដែលមើលមួយភ្លែតពិតជាច្រឡំទៅនឹងនារីវ័យក្រមុំនោះ។ មានការចែករំលែករូបថត និងបញ្ចេញសារកោតសរសើរខ្លាំងចំពោះរូបថតថ្មីចុងក្រោយនេះដែលអ្នកគាំទ្រនាងសរសើរថាពិតជាស្រស់ស្អាតប្លែកមួយបែបផ្សេង។ ការងារសិល្បៈថ្មីមួយនេះក៏ជាលើកដំបូងសម្រាប់នាងទាំងមិនដែលប្រកាសចូលប្រឡូកក្នុងអាជីពសិល្បៈនៅឡើយនោះទេ។
មានទស្សនិកជនជាច្រើនបានបន្តដាក់ក្តីរំពឹងខ្ពស់ និងចង់ឃើញវត្តមានកុមារីរូបនេះធំពេញរូបពេញរាង និងបង្ហាញមុខលើឆាកប្រកួតកម្មវិធីកញ្ញាឯកណាមួយផងដែរ៕