ខេត្តកែប: កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន២៣នាក់ ដែលបានជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងមកអុកឡុកក្នុងខេត្តកែប។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកផ្លូវការរបស់រដ្ឋបាលខេត្តកែបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់ឮអឺងកងបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វេីការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត ព្រមទាំងបានហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ។
សូមបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦១២នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៤៦០នាក់ និងករណីស្លាប់ ១៣នាក់៕
ដោយ, សិលា