សមត្ថកិច្ចបញ្ជូននារីជនជាតិចិនដែលបើករថយន្តបុកបុរសថ្មើរជើងស្លាប់ម្នាក់និងបុករះរថយន្ត៤គ្រឿងបន្ថែមទៀត ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ នារីជនជាតិចិនដែលបើករថយន្តជ្រុលទៅបុកបុរសថ្មើរជើងស្លាប់ម្នាក់រួចហើយបន្តទៅបុករះរថយន្ត៤គ្រឿងបន្ថែមទៀតនោះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយនារីចិនដូចខាងលើនេះបានបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-2013 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុបានជ្រុលទៅបុកបុរសថ្មើរជើងម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តបន្តរេចង្កូតទៅបុករះរថយន្ត៤គ្រឿងដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តព្រមទាំងឃាត់នារីជាអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចប្បន្ននារីជនជាតិចិនរូបនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print