សម្តេចតេជោ ហ៊ុនសែន : អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជា មធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជា មធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ។ នេះជាថ្លែងរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
ក្នុងឱកាស សម្តេចចេញសារលិខិត នៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា, អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជា មធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះបានត្រួសត្រាយផ្លូវសម្រាប់ កម្ពុជាទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនឹង ឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ តាមការវាយតម្លៃចុងក្រោយរបស់ អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់ ៣ ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជា លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាច ចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។

ជាការគួរឱ្យកត់សម្គាល់ បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើប ឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។ ជនរួមជាតិជាទីស្នេហា

សម្តេចតេជោ បានថ្លែងទៀតថា, ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់បានឆ្លង និងជាងបួនលាននាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈ ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានជាអាទិ ខ្សែចង្វាក់ផលិតកម្ម ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់ទំនិញ សេវាកម្ម ទេសចរណ៍ គួបផ្សំនឹងការដាក់ចេញវិធានការរឹតត្បិតផ្នែករដ្ឋបាលក្នុងការធ្វើដំណើរ និងការ បិទខ្ទប់នៅតាមតំបន់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មិនតែ ប៉ុណ្ណោះ ពិភពលោកក៏នៅតែបន្តប្រឈមមុខនឹងហានិភ័យ ដោយសាររលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងថ្មីនៃវីរុសកូរ៉ូណា។

សម្តេចតេជោហ៊ុនសែន បន្តថា, ទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំសូម បញ្ជាក់ សារជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធាន របស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបាន១៣លាននាក់តាមការគ្រោងទុក ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្ដារនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ដោយ បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្តល់អាទិភាពចំបងលើ៖(១)ស្តារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រង ផលប៉ះពាល់ ការរក្សាលំនឹងនិងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស (២) កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និង ការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន និង (៣) កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើង នាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មាន ប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ននៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print