ភ្នំពេញ, នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរសារបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ថា “ជូន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ចាត់ចែងស្រាវជ្រាវរកការពិតនៃបណ្តឹងនេះ អោយបានច្បាស់លាស់ជាបន្ទាន់ និងរាយការណ៍នូវលទ្ធផលមកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីមានវិធានការ ការពារតម្លៃស្ថាប័នកងរាជអាវុធហត្ថ និងដើម្បីយុត្តិធម៍សង្គម “។ នេះបើយោងតាមការលើកឡើងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ។
លោកឧត្តមសេនីយ៍ត្រីអ្នកនាំពាក្យបានបន្តថា, ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា ករណីដូចក្នុងពាក្យបណ្ដឹងនេះ កងរាជអាវុធហត្ថបានចំណាត់ការមួយជំហានហើយ ដោយសាររឿងក្តីនេះកំពុងស្ថិតនៅសមត្ថកិច្ចតុលាការផងដែរ។ ប៉ុន្តែដើម្បីបញ្ជាក់អំពីភាពយុត្តិធម៌ នាយឧត្តមសេនីយ៍ បានបញ្ជាឱ្យ ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ធ្វើការស្រាវជ្រាវបន្ថែម ឱ្យបានច្បាស់លាស់។
សូមសាធារណជន និងអ្នកសារព័ត៌មាន ជ្រាប យើងខ្ញុំនឹងប្រកាសព័ត៌មានជូន ក្រោយពីទទួលសេចក្តីរាយការណ៍។ សូមគោរពអរគុណ។
សូមបញ្ជាក់ថា, មានពាក្យបណ្តឹងករណីពីបទរំលោភបំពានលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (រំលោភយកដីរបស់ម្តាយ និងប្អូនៗ ) ប្រព្រឹត្តនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ហើយរឿងនេះខាងដើមបណ្ដឹងក៏ដាក់ចូលទៅតំណាងអយ្យការផងដែរ ហើយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រុញអោយលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្រាវជ្រាវចាត់ចែងស្រាវជ្រាវបន្ត ដើម្បីផ្តល់លទ្ធផលជូនលោកវិញ ៕
ដោយ, សុខ ខេមរា