ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ៦៥៣៦ គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រោមការចង្អុលបង្ហាញពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ក្នុងនោះក្រុងសៀមរាប រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដើម្បីធ្វើការទំនុកបំរុងស្បៀងអាហារជូនដល់ពួកគាត់ឱ្យស្របតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

ជាមួយនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តបានឱ្យអាជ្ញាធរសង្កាត់និងភូមិចុះពិនិត្យ និងផ្តល់ស្បៀអាហារដែលជាអំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦ ៥៣៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ១០គីឡូ ដែលរស់នៅក្នុងសង្កាត់ចំនួន ៦ ជាតំបន់ក្រហម។

ក្នុងនោះរួមមាន​ ដូច​ខាង​ក្រោម​៖

១-សង្កាត់ស្វាយដង្គំ មាន១៤ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១ ៥២៨គ្រួសារ
២-សង្កាត់គោកចក មាន ៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២ ៤២២គ្រួសារ
៣-សង្កាត់ស្លក្រាម មាន៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១ ៧១២គ្រួសារ
៤-សង្កាត់ជ្រាវ មាន៧ភូមិន ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥១៤គ្រួសារ
៥-សង្កាត់ស្រង៉ែ មាន២ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៣៣គ្រួសារ
៦-សង្កាត់សាលាកំរើក មាន១ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៧គ្រួសារ។
រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត។

ម្យ៉ាងទៀតការបិទខ្ទប់សង្កាត់ទាំង៦ជាតំបន់ក្រហមនេះ រដ្ឋបាលខេត្តក៏បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងវិស័យឯកជនមួយចំនួន ដើម្បីធ្វើការផ្គត់ផ្គង់អាហារដោយបានផ្សព្វផ្សាយលេខទូរស័ព្ទអាជីវករដល់បងប្អូនប្រជាពលរដ្ឋធ្វើការបញ្ជាទិញ ព្រមទាំងរៀបចំក្រុមការងារសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋបាលចុះមូលដ្ឋាខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបភាពក្នុងគ្រាលំបាក។

រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់នេះ។ សូមអរគុណចំពោះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចុះមកពិនិត្យផ្ទាល់នូវស្ថានភាពការឆ្លងរាលដាលក្នុងអំឡុងពេលបិទខ្ទប់នេះ។ ជាមួយគ្នានេះ ក៏សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាបសូមធ្វើការអត់ធ្មត់ និងសូមចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ ពិសេសចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍យើងដោយចូលរួមសហការអនុវត្តតាមការណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្ត ពិសេសអនុវត្តតាមវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារុំក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print