ភ្នំពេញ, ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២១/៣៤៥ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១, សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប នឹងត្រូវប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សាលាដំបូងជាសាលាជម្រះក្តីថ្នាក់ទីមួយ ដែលត្រូវបង្កើតឱ្យ មាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប គឺជាសាលាជម្រះក្តីថ្នាក់ទីមួយនៅតាមខេត្តចុងក្រោយគេ ដែលត្រូវបានប្រកាសដាក់ឱ្យ ដំណើរការ។
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមាន អាស័យដ្ឋាននៅទីតាំងជួលជាបណ្តោះអាសន្ន ស្ថិតនៅដីឡូត៍លេខ៤០៦ ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា