ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងហ្វេសប៊ុកនៅព្រឹកនេះថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃ ទី៤ ខែ មេសា ដែលជាថ្ងៃកំណើតមិនពិតប្រាកដ តែជាថ្ងៃកំណើតផ្លូវការរបស់ខ្ញុំដែលកំណត់យក ថ្ងៃ ៤ មេសា ១៩៥១។
ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនិង ថ្ងៃ អង្គារ៍ ១៥ កើត ខែស្រាពណ៍ឆ្នាំ រោងចត្វាស័ក ព.ស ២៤៩៦។ តើហេតុអ្វីបានជាយកថ្ងៃ៤ មេសា ១៩៥១ ជាថ្ងៃកំណើតទៅវិញ? ថ្ងៃ៤ មេសា ១៩៧០ ខ្ញុំចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តមសីហនុ។ ពេលធ្វើការចុះឈ្មោះ ខ្ញុំមិនចាំថ្ងៃខែកំណើតខ្លួនឯង ដូចនេះក៏កំណត់យក ថ្ងៃ ៤ មេសា ឆ្នាំ១៩៥២ ជាថ្ងៃកំណើត ដើម្បីងាយចងចាំ។ ពេលនោះខុសថ្ងៃ ខែ តែត្រូវឆ្នាំរហូតដល់ថ្ងៃ ៨ ខែ មករា ឆ្នាំ១៩៧៩ ពេលបង្កើត រដ្ឋាភិបាល ពេលនោះបងប្អូនវាយអង្គុលីលេខបានវាយខុសឆ្នាំ ពីឆ្នាំ១៩៥២ មកឆ្នាំ១៩៥១ និងផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសរួចទៅហើយ។
ក្រោយពេលដឹង ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះពេលនោះខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុង វ័យ ២៧ឆ្នាំ គឺក្មេងខ្លាំងណាស់ តែបើយកតាមការវាយខុស និងកើនបាន១ឆ្នាំទៀត។ ពេលនេះចង់បន្ថយក៏មិនបានត្រូវរក្សា ថ្ងៃខែឆ្នាំនេះតទៅទៀត សំខាន់ឱ្យតែភរិយាខ្ញុំហៅខ្ញុំថាបងទៅបានហើយ កុំឱ្យហៅខ្ញុំថាតា ទុកពាក្យតាឱ្យចៅហៅវិញ៕
ដោយ៖ សុវណ្ណារ៉ា