គណៈកម្មការស្តីពីជំងឺឆ្លងថៃមានគម្រោងស្នើដល់រដ្ឋាភិបាលថៃ កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ចំពោះអ្នកទេសចរដើម្បីដំណើរការវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
តាមសំណើ អ្នកទេសចរបរទេសមួយចំនួននឹងត្រូវធ្វើចត្តាឡីស័កចាប់ពី៧ថ្ងៃដល់១០ថ្ងៃជាជាងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចជាពេលនេះ។ បណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង ថៃបានឱ្យដឹងថា ការធ្វើចត្តាឡីស័កនឹងត្រូវកាត់បន្ថយពេលវេលាតាមករណីជាក់ស្តែង និងធ្វើតេស្ត RT-PRC ។
ចំពោះករណីអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក១០ ថ្ងៃ និងធ្វើតេស្ត RT-PRC ចំនួនពីរលើក។ ចំណែកអ្នកធ្វើដំណើរមកកាន់ប្រទេសថៃតាមផ្លូវគោក នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ គម្រោងខាងលើ នឹងអនុវត្តដល់អ្នកទេសចរមកពីគ្រប់ទិសទីចាប់តាំងពីខែតុលាខាងមុខ ។
ពេលវេលាធ្វើចត្តាឡីស័កនឹងមិនធ្វើឲ្យចំនួនករណីឆ្លងកូវីដ-១៩ក្នុងប្រទេសនេះអាក្រក់នោះឡើយ ក្រោយការសាកល្បងនៅភូកេតទទួលបានជោគជ័យ ហើយអ្នកទេសចរមិនមែនជាអ្នកបង្កឲ្យមានករណីឆ្លងកូវីដ-១៩ កើនឡើងនោះឡើយ។
បច្ចុប្បន្នថៃ បានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ដោយបានកំណត់គោលដៅចាក់ជូនពលរដ្ឋឱ្យបាន ៥២លាននាក់ ឬ ៩០%នៃចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់ត្រឹមខែធ្នូឆ្នាំ២០២១៕ ដោយ៖ធីរីណា
រូបភាព៖DPA