ភ្នំពេញ៖ ស្របពេលដែលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ គណៈបញ្ជាការ ឯកភាពខណ្ឌច្បារអំពៅបានត្រៀមកម្លាំងសរុបជិត៥០០នាក់ដើម្បីការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ លោកអ៊ាង ស៊ីផាង អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានមានប្រសាសន៍ដូច្នេះថា អនុវត្តតាមផែនការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដាក់ចេញអោយគណៈបញ្ជាការឯកភាពខណ្ឌទាំង១២នៅរាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្តិសុខនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនិងចូលមកដល់នៅពេលខាងមុខនេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានត្រៀមកម្លាំងសរុបជិត៥០០នាក់ រួមមានកម្លាំងនគរបាលជាង២០០នាក់ កម្លាំងអាវុធហត្ថជិត ៦០នាក់ កម្លាំងសន្តិសុខសាលាខណ្ឌជាង៥០នាក់ និងកម្លាំងប្រជាការពារនៅតាមសង្កាត់ទាំង៨ជាច្រើននាក់ទៀត ។
កម្លាំងទាំងអស់ត្រូវបានបែងចែកទៅតាមគោលដៅការពារ ដូចជាវត្តអារាម កន្លែង កំសាន្ត តំបន់ទី ប្រជុំ ជន និងតំបន់រម្មនីយ៍ដ្ឋាន ។ ដោយឡែកគណៈអភិបាលក៍ត្រូវបែងចែកវេនប្រចាំការដែរ រួមទាំងនៅតាមសាលាសង្កាត់ គឺផ្លាស់ប្តូរវេនគ្នាប្រចាំ ។
លោកអភិបាលបានបន្តថា ក្រៅពីការងាសន្តិសុខ ការងារសណ្តាប់ធ្នាប់ក៍ត្រូវយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់ផ្លូវចេញចូលទាំងអស់ ជាពិសេសណែនាំកុំឲ្យប្រជាពលរដ្ឋយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញផ្សេងៗ ហាមមិនឲ្យរថយន្តតាក់ស៊ី រ៉ឺម៉កម៉ូតូចតនៅចិញ្ចើមផ្លូវដែលជាដើមចមនៃការបង្កអោយកកស្ទះចរាចរ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខណ្ឌដែលធ្វើដំណើរទៅវត្តអារាម ឬទៅកំសាន្តនៅទីជិតទីឆ្ងាយសូមមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសពេលបើកបរត្រូវគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពាក់មួកសុវត្ថិភាព បើស្រវឹងកុំបើកបរ ៕
ដោយ៖ សណ្តោស