ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់ខណៈដែលផ្ទះមួយខ្នងបានឆ្លងចរន្តអគ្គិសនីធ្វើឱ្យឆេះសន្ធោសន្ធៅ។ ប្រតិបត្តិការបាញ់ទឹកពន្លត់នោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ហិើយសំណាងដែរដែលមិនមានអ្នករងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិទួលអម្ពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ ហ៊ុន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់ក្នុងភូមិសង្កាត់ខាងលើ។
ចំពោះសម្ភារដែលខូចខាតរួមមាន
ផ្ទះថ្មមួយខ្នងមានទំហំ៤ម៉ែត្រកន្លះគុណនិឹង២០ម៉ែត្រ និងទ្រព្យសម្បត្តិមួយចំនួន មិនទាន់បូកសរុប។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៏មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន៨នាក់ មានរថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចំនួន១៤នាក់បានធ្វើការអន្ដរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយនៅវេលាម៉ោង១០និង២០នាទីយប់ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន០៣រថយន្តផងដែរ។
ប្រភពបន្តថា មូលហេតុបណ្ដាលដែលនាំឱ្យឆេះផ្ទះនេះគឺមកពីឆ្លងចរន្ដអគ្គិសនី(ទុស្សេខ្សែភ្លើង)ទើបបង្កការភ្ញាក់ផ្អើលបែបនេះ ប៉ុន្តែសំណាងដែរដែលមិនមានអ្នករងគ្រោះនោះ៕
ដោយ យឹម សុថាន