ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាកូនម្នាក់បន្ទាប់ពីបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ឪពុករបស់ខ្លួនបណ្ដាលឱ្យរងរបួសគ្រាន់តែឪពុកណែនាំនិងស្តីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល
ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះកែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ។
ចំណែកឪពុកជាជនរងគ្រោះមានឈ្មោះកែវ សុផល អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅផ្ទះជាមួយគ្នាត្រូវរបួសចំនួន២កាំបិតបុ័ងតោយ៉ាងដំណំ។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាកូនត្រូវបានឪពុកធ្វើការស្តីបន្ទោសបន្តិចបន្តួចព្រោះតែកូនរូបមិនបានជួយធ្វើការផ្ទះនិងដើរលេងទើបបង្កឱ្យមានទំនាស់ពាក្យសម្តីគ្នា ខណៈនោះជនសង្ស័យមានអាការខឹងសម្បាក៏ស្ទុះទៅទាញបានកាំបិតបុ័ងតោយកមកកាប់ទៅលើឪពុកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ យឹម សុថាន