ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃដដែល។
លោក អុឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅកម្លាំងនគរបាលជំនាញខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាបន្តបន្ទាប់។
លោកបន្តឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង ៦នាក់នោះ គឺនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុមជិះឡំប្រឺតា ពណ៌លឿងធ្វើជាមធ្យោបាយធ្វើដំណើរ រួចហើយបានធ្វើសកម្មភាពលួចស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះពេលរាត្រីនៅក្នុងមូលដ្ឋានសង្កាត់បឹងរាំងបានសម្រេច។ប៉ុន្តែក្រោយមកត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងឡំប្រឺតាមួយគ្រឿងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀតដែលជាអ្នកសមគំនិតលួចនិងជាអ្នកលួច រួចបន្តស្រាវជ្រាវរហូតឃាត់បានជនសង្ស័យម្នាក់ទៀតជាអ្នកទទួលផលចោរកម្មនៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ