ខេត្តស្វាយរៀង, នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងស្រុកស្វាយជ្រំ លោកស្រីមេឃុំដូនស បានអញ្ជើញចុះពិនិត្យការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ នឹងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រំ ដោយមានសិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន ១៥នាក់ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ក៏បានណែនាំដល់លោកនាយកសាលា ៖
-ត្រូវរៀបចំបន្ទប់ដាច់ដោយឡែក មួយនៅក្នុងសាលាក្នុងករណីមានសិស្សានុសិស្ស ដែលសុខភាពមិនប្រប្រតីត្រូវដាក់គាត់នៅដាច់ដោយឡែកតាមដានសុខភាព និងទាក់ទងទៅមន្រ្តីជំនាញដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស្ត
-សិស្សានុសិស្សមុននឹងចូលដល់ថ្នាក់រៀន ត្រូវពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល ឬសាប៊ូ និងសួរនាំក្នុងករណីមានបងប្អូនឬអ្នកជិតខាងមានវិជ្ជមានជំងឺកូវីដ-១៩ តម្រូវឱ្យឈប់សម្រាកធ្វើចត្តាឡីស័ក
-ម៉ោងសម្រាកចេញលេង របស់សិស្សានុសិស្ស ត្រូវផ្លាស់ប្តូរឆ្លាស់វេនគ្នា ជៀសវាងមានការជួបជុំប្រមូលផ្តុំគ្នា អាចបង្កហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ-១៩
-ត្រូវរៀបចំសណ្តាប់ធ្នាប់ យានជំនិះម៉ូតូ កង់ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឱ្យមានរបៀបរៀបរយ ដើម្បីរក្សាគម្លាតសុវត្តិភាព និងរៀបរយកែលំអបរិស្ថាននៅក្នុងបរិវេណសាលាផងដែរ
បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩ គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ ៕
ដោយ, សិលា