ភ្នំពេញ, បើយោងតាម ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា,ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើ ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយ លោក ចាវ ឃើជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ចាវ ឃើជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកនាំមកនូវវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនេះផងដែរ សម្ដេចក្រឡាហោម ស ខេង និងលោក ចាវ ឃើជឹ ក៏បានថ្លែងនូវការកោតសរសើរទៅវិញទៅមក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កង កម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ក្នុងការថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផល និង សមិទ្ធផលសំខាន់ៗ នារយៈពេលជាង២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ផ្តើមដំណើរការអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ៖ សិលា