ភ្នំពេញ, នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា , កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។
ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបានលុបចោលនៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្តថា, ដូច្នេះប្រសិនបើលោកអ្នកមានរូបថតសំខាន់ៗដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud លោកអ្នកគួរតែចៀសវាងលុបរូបថតទាំងនោះចេញពីកម្មវិធី Messages នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់មួយចំនួនដែលកំពុងតែប្រើកម្មវិធីសាកល្បងជំនាន់ iOS 15.1 ក៏កំពុងតែជួបនឹងបញ្ហានេះផងដែរ៕