Ronaldo ជួយបិសាចក្រហម Manchester United រកបាន៣ពិន្ទុនៅចុងម៉ោងនៅ Champions League

ចែករំលែក៖

ក្រុមបិសាក្រហមមានឱកាសទទួលបាន៣ពិន្ទុពីក្រុមភ្ញៀវ Villarreal ក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចុងម៉ោងដែលជាគ្រាប់ជ័យជម្នះក្នុងលទ្ធផល២ទល់១។

 

ការប្រកួតនេះគឺក្រុមភ្ញៀវ Villarreal មានឱកាសច្រើនក្នុងការស៊ុតចំគោលដៅ បើទោះបីជាការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd មានភាគរយច្រើនក៏ដោយ។ ការស៊ុតពីសំណាក់កីឡាករក្រុម Villarreal ត្រូវបានអ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហមសង្គ្រោះបានជាញឹកញាប់ពីការស៊ុតរបស់កីឡាករ Arnaut Danjuma និង Paco Alcacer ។

 

 

ខ្សែប្រយុទ្ធ Alcacer របស់ក្រុម Villarreal ជាអ្នករកគ្រាប់បាល់នាំមុខនៅនាទីទី៥៣ នៅពេលដែលខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហមធ្វើខុសចំពោះការលោតគេចបាល់។ ប៉ុន្តែ៧នាទីក្រោយមកខ្សែការពារស្លាប Alex Telles របស់ក្រុមបិសាចក្រហម Man Utd រកបាន១គ្រាប់សងវិញនៅនាទីទី៦០។

 

 

ចូលដល់ម៉ោងបន្ថែម៩០+៥ទៅហើយ ខ្សែប្រយុទ្ធ Ronaldo រកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ជ័យជម្នះពីការបញ្ជូនបាល់ពីខ្សែបម្រើប្រយុទ្ធ Jose Lingard ហើយ១គ្រាប់នេះធ្វើឲ្យ Ronaldo រកបាន២គ្រាប់ហើយនៅក្នុងជំនួបក្របខ័ណ្ឌ Champions League របស់ក្រុមបិសាចក្រហម។

 

 

លទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបានជ័យជំនះលើកដំបូងរបស់ពួកគេ ខណៈដែលក្រុម Atalanta បានផ្តួលក្រុម Young Boys ១-០ ដើម្បីឡើងឈរកំពូលតារាង។ បច្ចុប្បន្នក្រុម Atalanta ទទួលបាន៤ពិន្ទុក្នុង២ប្រកួតនៅពូល F ខណៈក្រុម Man Utd និង Young Boy ទទួលបាន៣ពិន្ទុដូចគ្នា ដោយឈ្នះ១ ចាញ់១ដូចគ្នា។ ចំណែកក្រុមបាតតារាង Villarreal ទទួលបាន១ពិន្ទុ ដោយ២ប្រកួតកន្លងមកគឺចាញ់១ និងស្មើ១ប្រកួតប៉ុណ្ណោះ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print