ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ទៅកាន់បណ្តារដ្ឋសមាជិកអាស៊ានថា ភាពចាំបាច់ដែលអាស៊ានត្រូវបន្តនោះគឺត្រូវពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងទាំងបញ្ហាជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហាជាច្រើនទៀតក្នុងក្របខ័ណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងមានការកើនឡើងឥតឈប់ឈរ និងបង្កការគំរាមកំហែងដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15 AMMTC) ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំពេញអង្គនោះ ហើយសម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន លើការងារពង្រឹងការអនុវត្តច្បាប់។
ទន្ទឹមនិឹងនេះ សម្ដេចក្រឡាហោមក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការបន្តគាំទ្រ និងការជួយជ្រោមជ្រែង ពីសំណាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនន រដ្ឋសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដើម្បីផ្ដល់លទ្ធភាពដល់កម្ពុជាបំពេញតួនាទីជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី២២ (22nd SOMTC) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ (16″ AMMTC) នៅឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្រោម «សសរស្ដម្ភសន្តិសុខនយោបាយ» ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម និងបុព្វហេតុនៃសន្តិភាព វិបុលភាពសម្រាប់តំបន់អាស៊ាន ៕
ដោយ៖ ជ្រោយពេជ្រ