ភ្នំពេញ, ដូចខ្ញុំបាទ បានបញ្ជាក់ជូន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្តអារាម នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងពិធីកាន់បិណ្ឌ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំងបី រួមជាមួយសប្បុរសជន បានត្រៀមជាស្រេចក្នុងការនាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ១១៨។ នេះជាថ្លែងរបស់លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។
លោករដ្ឋមន្ត្រីបានបន្តថា, ជាក់ស្តែង ចាប់ផ្តើមពីដើមសប្តាហ៍នេះ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការបានចាត់ចែង និងដឹកជញ្ជូនទៅកាន់គោលដៅក្នុងស្រុក ឃុំ និងវត្តនិមួយៗ ដែលក្រុមការងារទទួលបន្ទុក ហើយខ្ញុំមានក្តីសង្ឃឹមថា សមាជិកក្រុមការងារទាំងអស់នឹងចាត់ចែងប្រគេនគ្រឿងឧបភោគបរិភោក និងបច្ច័យ តាមបណ្តាវត្តទាំង១១៨ ឲ្យបានចប់សព្វគ្រប់នៅចុងសប្តាហ៍នេះ ៕
ដោយ, សិលា