ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីជាភរិយា រួមជាមួយសហការី បាននាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដើម្បីផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈដែលពិធីសម្រាប់ឆ្នាំនេះត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ឆ្លងរីករាលដាលខ្លាំង ។
សម្ភារដែលបានប្រគេនព្រះសង្ឃសម្រាប់រៀបចំក្នុងពិធីកាន់បិណ្ឌនាពេលនោះរួមមាន គ្រឿងឧបភោគបរិភោគ១សម្រាប់ធំ និងបច្ច័យសរុបចំនួន២.៣០០.០០០រៀល ក្នុងនោះដែរបច្ច័យរបស់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តចំនួន១លានរៀល បច្ច័យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះចំនួន៥សែនរៀល និងបច្ច័យក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់រកាកណ្ដាលចំនួន៨សែនរៀល ដើម្បីផ្គត់ផ្គង់ព្រះសង្ឃ និងកសាងទីវត្តអារាមផងដែរ ។
ជាមួយគ្នានេះដែរ លោកប្រធានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខចំពោះព្រះចៅអធិការនិងព្រះសង្ឃ សូមមានការយោគយល់ ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕
ដោយ, សិលា